កម្ពុជា ឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រទាំងបីក្រុម ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក

(កម្ពុជា)៖ ក្រុមប៉េតង់ជម្រើសជាតិកម្ពុជា នារីពីរក្រុម និងយុវជនមួយក្រុមបានឡើងទៅវគ្គ១/៤
ផ្តាច់ព្រ័ត្រ រឺវគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតប៉េតង់ជើងឯកពិភពលោកយុវជន និងនារីលើកទី១៧ ឆ្នាំ២០១៩ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន។

ក្រុមនារីកម្ពុជាទី២ដែលមានកីឡាការិនី ស៊្រាង សុរ៉ាឃីម ដូង ឌីណា ឡើងដល់វគ្គនេះក្រោយឈ្នះចិន លទ្ធផល ១៣ទល់នឹង៦ ហើយត្រូវឡើងទៅជួបឡាវដែលបានបំបាក់ន័រវេស ១៣ទល់នឹង៨ រសៀលថ្ងៃស្អែក។

ចំនែកក្រុមកម្ពុជាទី១ ដែលមានកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ វាយបកពីក្រោយយកឈ្នះក្រុមហ្វាំងឡង់ ១៣ទល់នឹង១១ ឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយត្រូវលេងជាមួយវៀតណាមដែលបានបំបាក់បារាំងក្រុម ១៣ ទល់នឹង៤។

ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រផ្សេងទៀត ថៃដែលឈ្នះម៉ាដាហ្កាស្កា ១៣ទល់នឹង៩ ប្រកួតជាមួយទុយនីស៊ី ដែលបំបាក់មីយ៉ាន់ម៉ា ១៣ទល់នឹង០ និងក្រុមបារាំងទី១ ជួបហូឡង់ដែលបានបំបាក់អ៊ីស្រាអែល ១៣ទល់នឹង១០។ វគ្គផ្តាច់ព្រ័ត្រនារី ៣ទល់នឹង៣ លេងនៅថ្ងៃទី២៣ ខែវិច្ឆិកា។

ដោយឡែកការប្រកួតយុវជន៣នាក់ទល់នឹង៣នាក់ កម្ពុជាដែលមានកីឡាករ ឃួន លីហ័រ គង់ កែវសុខាន់ និងភាព វ៉ាឃីម ឡើងទៅវគ្គ៨ក្រុមដែរ ក្រោយឈ្នះក្រុមយុវជនឆែក ១៣ទល់នឹង៤ ហើយត្រូវជួបយុវជនអេស្ប៉ាញដែលឈ្នះម៉ូណាកូ។

វគ្គ៨ក្រុមចុងក្រោយផ្សេងទៀតសម្រាប់វិញ្ញាសាយុវជន ៣នាក់ទល៣ ថៃប្រកួតជាមួយម៉ាដាហ្កាស្កា ម៉ារ៉ុក ជួបបារាំង និងអ៊ីតាលីប្រកួតជាមួយឡាវ។ ការប្រកួតលេងនៅរសៀលថ្ងៃស្អែក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង