សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ជុំវិញ​ករណី EBA គឺ​អ្វីដែល​កម្ពុជា​ធ្វើបាន ធ្វើ​! តែ​មិន​លក់​អធិបតេយ្យ​ជាតិ​ទេ​!

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជាថ្មី ជុំវិញ​ករណី EBA គឺ​អ្វីដែល​កម្ពុជា​ធ្វើបាន ធ្វើ​! តែ​មិន​លក់​អធិបតេយ្យ​ជាតិ​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប ដែល​អឺរ៉ុប បានសម្រេច​យកពន្ធ ចាប់តាំងពី​ដើមឆ្នាំ​២០១៩ គឺ​មកដល់ពេលនេះ អង្ករ​កម្ពុជា នៅតែ​នាំចេញ​ក្នុង​បរិមាណ​ច្រើន​ដដែល ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដដែល​។ ករណី EBA ក៏​ដូចគ្នា​។ បើសិនជា​អឺរ៉ុប សម្រេច​យកពន្ធ​លើ​ទំនិញ​របស់​កម្ពុជា គឺ​កម្ពុជា​បង់ពន្ធ​ទៅ​។ ម្យ៉ាងទៀត ករណី EBA បើ​គេ​ឲ្យ​យើង​ធ្វើ​នេះ ធ្វើ​នោះ គឺ​បើ​អ្វីដែល​យើង​ធ្វើបាន យើង​នឹងធ្វើ តែបើ​ឲ្យ​យើង​លក់​អធិបតេយ្យ​ជាតិ គឺ​កម្ពុជា​មិន​ធ្វើជា​ដាច់ខាត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​អង្ករ​យើង​ត្រូវ​អឺរ៉ុប​! មិនមែន​រឿង EBA ទេ​! គឺ​រឿង​ប្រទេស​អ៊ីតាលី និង​ប្រទេស​អេ​ស្ប៉ា​ញ គាត់​លក់​អង្ករ​គាត់​មិន​ដាច់​។ ដល់​លក់​អង្ករ​គាត់​មិន​ដាច់ គាត់​ប្រឆាំងនឹង​អង្ករ​យើង និង​អង្ករ​មី​យ៉ាន់​ម៉ា​។ អីចឹង​គាត់​ឲ្យ​យើង​វ៉ៃ​ពន្ធ​! គាត់​វ៉ៃ​ពន្ធ​លើ​អង្ករ​យើង​។ ខ្ញុំ​គិត​ស្មានថា ការ​វ៉ៃ​ពន្ធ​លើ​អង្ករ​យើង នឹងធ្វើ​ឲ្យ​មានការ​ផ្អាក​ការនាំចេញ​អង្ករ​យើង ពី​កម្ពុជា ទៅកាន់​អឺរ៉ុប​ហើយ​។ ផ្ទុយទៅវិញ ក្នុង ២៨​ប្រទេស ( សមាជិក​អឺរ៉ុប ) អង្ករ​កម្ពុជា ចូលទៅ​អឺរ៉ុប បាន ២៣​ប្រទេស​ដដែល​។ អីចឹង ពេលដែល​មិនទាន់​បង់ពន្ធ ក៏​នាំ​ទៅបាន​។ ដល់​គេ​ឲ្យ​បង់ពន្ធ នៅតែ​នាំទៅ​បាន​។ អានោះ វា​ក៏​ដូចគ្នា​ដែរ​! បើ​គេ​ដក EBA គេ​ឲ្យ​យើង​បង់ពន្ធ​! យើង​បង់ពន្ធ​ឲ្យ​គេ​ទៅ ព្រោះ​អាហ្នឹង វា​គង់តែ​បាត់​ដដែល​នោះ​។ បើ​គេ​មិន​អនុគ្រោះ​ឲ្យ​យើង​ហើយ​! បាត់​ផ្សារ និង​បាត់ EBA វា​ខុសគ្នា​! EBA នៅពេល​ណាមួយ វា​គង់តែ​បាត់​ទេ​! នៅពេល​សេដ្ឋកិច្ច​យើង កើនឡើង​។ នៅ​អាស៊ាន ១០​ប្រទេស គេ​ឲ្យ​តែ ៣ ប្រទេស​ទេ កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។ មី​យ៉ាន់​ម៉ា ក៏​គេ​គំរាម​ដែរ​។ អីចឹង សម្រាប់​យើង យើង​បាន​ត្រៀមខ្លួន តាំងពី​ខែមីនា​ណោះ​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​យើង​មិន​ចង់​ឲ្យ​បាត់​ទេ​! ប៉ុន្តែ​ធ្វើ​ម៉េច​? បើ​គាត់​យក​អាហ្នឹង មក​ដោះដូរ​ជាមួយនឹង​ច្បាប់ ជាមួយនឹង​ឯករាជ្យ​របស់​យើង​ហើយ​! យើង​ក៏​មិនអាច​ទទួលយក​បានដែ​រ​។ អីចឹង បើ​គេ​ឲ្យ​បង់ពន្ធ យើង​បង់ពន្ធ​ឲ្យ​គេ​ទៅ​! គ្រាន់តែ​ពីមុន វា​ចំណេញ​ច្រើន ឥឡូវ​ចំណេញ​តិចជាង​តែ​ប៉ុណ្ណឹង​! តែ​វា​នៅតែ​ចំណេញ ហើយក៏​វា​ថ្លៃថ្នូរ​ដែរ​! គេ​មិន​យក​អាហ្នឹង មក​គំរាម​យើង​តទៅទៀត​បានទេ​! ព្រោះ​ឥឡូវ គេ​យក​អាហ្នឹង មក​គំរាម​យើង ថា​អ្នកឯង ត្រូវធ្វើ​អានេះ អានេះ អានេះ​! អីចឹង បាន​យើង​ប្រាប់​ទៅវិញ​ថា យើង​មិនអាច​យក​អធិបតេយ្យ​របស់​យើង ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ ឬ​ការអនុគ្រោះ​ណា​ទេ​! អ្វីដែល​យើង​ខិតខំ​ធ្វើ យើង​ធ្វើបាន យើង​ធ្វើ​! តែ​អ្វីដែល​យើង​ធ្វើ​មិនបាន អត់​ទេ​!»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ទីផ្សារ នៅតែ​ជាទី​ផ្សារ​! គ្រាន់តែ​ពេលមុន អត់​បង់ពន្ធ ឥឡូវ ត្រូវ​បង់ពន្ធ​! ហើយ​អា​រឿង​បង់ពន្ធ​នេះ នៅត្រឹម​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៦ គឺ​យើង​ត្រូវ​បង់ពន្ធ​ឲ្យ​គេ​ហើយ​! សេដ្ឋកិច្ច​ឡើង​! អីចឹង វា​អស់​ភាពអនុគ្រោះ​! ហើយ​រឿង​អឺរ៉ុប ជាមួយ​អាស៊ាន មិនមែនជា​រឿង​បញ្ហា​ដាច់ដោយឡែក​របស់​កម្ពុ​ជា​ទេ​! អឺរ៉ុប គំរាម​កម្ពុជា គំរាម​ហ្វីលីពីន គំរាម​មី​យ៉ាន់​ម៉ា លើ​បញ្ហា​សិទ្ធិមនុស្ស​! អឺរ៉ុប​គំរាម​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី លើ​បញ្ហា​ដូងប្រេង​…»៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង