សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថាកម្ពុជា ជាប្រទេសដែលមានបណ្ឌិតច្រើនហួសបើប្រៀបធៀបនឹងចំនួនប្រជាជន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ន ចំនួនបណ្ឌិតនៅប្រទេសកម្ពុជា ហាក់មានចំនួនច្រើនហួស បើធៀបទៅនឹងចំនួនប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេចមានការបារម្ភចំពោះគុណភាពរបស់បណ្ឌិត ដែលបានមានតែសញ្ញាបត្រ ប៉ុន្តែមិនមានសមត្ថភាព និងគុណភាព។

សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលសមត្ថភាព និងលក្ខណសម្បត្តិរបស់ បណ្ឌិតដែលសាស្ត្រាចារ្យដឹកនាំ ថាតើមានចំណេះដឹងគ្រាប់គ្រាន់ដើម្បីដឹកនាំបេក្ខបណ្ឌិតដែរឬទេ? ថាតើសាស្ត្រាចារ្យដឹកនាំ អាចដឹកនាំបេក្ខបណ្ឌិតបានប៉ុន្មានរូប?

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមែនយើងមិនចង់មានបណ្ឌិតច្រើនទេ ប៉ុន្តែយើងត្រូវរឹតបន្តឹង ដើម្បីឲ្យអ្នកណាមានសមត្ថភាពគឺជាប់ ដើម្បីទទួលបានបណ្ឌិតដែលមានគុណភាព។

សូមបញ្ជាក់ជូនថា អគារឥន្ទ្រទេវី មានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ត្រូវចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ១.៥លានដុល្លារសហរដ្ឋអាមេរិក។

អគារឥន្ទ្រទេវី ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់​សង្គមជាតិ។

អគារនេះ ជាកន្លែងបណ្តុះបណ្តាល​និស្សិតថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗ និងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបាន
បង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែក ក្នុងការអភិវឌ្ឍ សង្គមជាតិ៕
(SWIFT NEWS ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង