កីឡាការិនីកែ ឡេង បញ្ចប់នៅចំណាត់ថ្នាក់លេខ១ក្នុងជុំទី១ ការប្រកួតប៉េតង់ជើង​ឯកពិភពលោក យុវជន និងស្ត្រី២០១៩

(កម្ពុជា)៖ វីរៈកីឡាការិនី កែ ឡេងធ្វើបានល្អក្នុងការប្រកួតជម្រុះជុំទី១នៃវិញ្ញាសាវាយយកពិន្ទុ (Shooting) ក្នុងព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រីឆ្នាំ២០១៩លើកទី១៧ ក្រោយបញ្ចប់នៅចំណាត់ថ្នាក់ទី១ ក្នុងចំណោមកីឡាការិនី ៤៣រូបមកពី៤៣ប្រទេស។

ម្ចាស់ជើងឯកពិភពលោកបីដង កែ ឡេង បញ្ចប់ជុំទី១នេះដោយវាយបាន៣៨ពិន្ទុ ខណៈដែលចំណាត់ថ្នាក់លេខ២ធ្វើបានដោយកីឡាការិនី ន័រវេស Homnia Ranu ៣៧ពិន្ទុ លេខ៣កីឡាការិនីឡាវ និងលេខ៣ កីឡាការិនី សហភាពមីយ៉ាណា។ តាមរយៈលទ្ធផលនេះកីឡាការិនីទាំង៤រូបនេះមិនបាច់លេខជុំទី២ទេ រង់ចាំគូប្រកួតបន្ទាប់។

ចំនែកកីឡាការិនី ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៥ ដល់ទី២៣ ត្រូវលេងជម្រុះជុំទីពីរថ្ងៃស្អែក ដោយអ្នកឈ្នះត្រូវទៅវគ្គបន្តទៀត។ ដោយឡែក កីឡាការិនីដែលបញ្ចប់នៅពីលេខ២៤ ដល់លេខ៤៣ធ្លាក់ពីការប្រកួតនេះ។

ចំនែកវិញ្ញសាវាយយកពិន្ទុយុវជនវិញ កីឡាករកម្ពុជា ឃួន លីហ័រ ធ្វើមិនបានល្អ បានត្រឹមតែ២៨ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ១២ ប៉ុន្តែមិនទាន់ធ្លាក់ទេ ត្រូវលេងជម្រុះជុំទី២បន្តទៀត ខណៈកីឡាករមកពីម៉ាដាហ្កាស្កា ម៉ូណាកូ អ៊ីតាលី និងស៊ុយអែត ដែលបញ្ចប់នៅ៤នាក់លើគេ ឡើងទៅរង់ចាំ។

ថ្ងៃនេះដែរក្រោយពិធីបើកការប្រកួតផ្លូវការ ក្រុមកីឡាការិនីកម្ពុជា ដែលមានកីឡាការិនីកែ ឡេង អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា តាមពីក្រោយយកឈ្នះប្រទេសមកពីអឺរ៉ុប ឡេតូនី (Latvia) ១៣ទល់៣ ការប្រកួតវិញ្ញាសាស្ត្រី ៣នាក់ទល់នឹង៣នាក់ (Women’s Triple)។

ស្អែកក្រុមយុវជនកម្ពុជា នឹងលេងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ដោយក្រុមកម្ពុជាទី១ប្រកួតជាមួយអង់គ្លេស និងក្រុមកម្ពុជាទី២ប្រកួតជាមួយឡេតូនី។

ព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោក យុវជន និងស្ត្រី និងបញ្ចប់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕ 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង