អ្នកភូមិបារម្ភថា៖ ឥទ្ធិពលអាក្រក់កើតពីផ្សែង បំភាយចេញពីរោងចក្រហ្គែនបឺក មានជាតិពុល

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្បែររោងចក្រហ្គែនស៍ប៊ឺក ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ បារម្ភថា ផ្សែងដែលហុយចេញពីរោងចក្រជាញឹកញ៉ាប់ គឺជាផ្សែងមានជាតិពុល អាចបំផ្លាញសុខភាពរបស់ពួកគាត់។

អ្នកភូមិបានបង្ហាញរូបថតដល់ Swift News អំពីផ្សែងហុយចេញពីរោងចក្រហ្គែនស៍ប៊ឺក យ៉ាងខ្មួលខ្មាញ់ស្ទើររៀងរាល់ថ្ងៃដោយពួកគាត់មិនដឹងជារោងចក្រដុតអ្វីនោះទេ ប៉ុន្តែពួកគាត់បានអះអាងថា ផ្សែងនេះបានជះក្លិនឈ្ងៀមឆួល នាំឲ្យពួកគាត់ពិបាកដកដង្ហើម។

បុរសម្នាក់ ដែលរស់នៅជិតបំផុតនឹងកន្លែងមានផ្សែងនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ជួនកាលពួកគាត់ឃើញផ្សែងហុយចេញនៅពេលព្រឹក ជួនឃើញផ្សែងហុយចេញនៅពេលយប់ ហើយផ្សែងនោះធំខ្លឹនដូចដុតថង់ផ្លាស់ស្ទីក ហើយហុយបាចសាចពាសពេញបរិវេណផ្ទះរបស់គាត់ ព្រមទាំងមានកម្ទេចផេះធ្លាក់ពាសពេញលើដំបូលផ្ទះ ក្នុងបរិវេណផ្ទះ និងចូលក្នុងផ្ទះថែមទៀតផង។

អ្នកភូមិផ្សេងទៀត រស់នៅក្នុងភូមិស្ពានខ្ពស់ បានឲ្យ Swift News ដឹងថា ជួនពេលខ្លះ រោងចក្រហ្គែនស៍ប៊ឺកបានបំភាយខ្លិនដូចបាយជ្រូកស្អុយងំ ដែលធ្វើឲ្យពួកគេពិបាកទ្រាំក្នុងការរស់នៅ ជាពិសេសពួកគេបារម្ភទៅលើសុខភាពកូនតូចៗ របស់ពួកគាត ដែលងាយរងគ្រោះដោយសារឥទ្ធិពលផ្សេងពុល ជាពិសេស សារធាតុគីមីពុល។

ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋជួបការលំបាកដោយសាររោងផលិតស្រាបៀរ ហ្គែនស៍ប៊ឺក នេះដែរ មានសេចក្តីរាយការណ៍ជាច្រើន បានលើកឡើងថា ប្រជាពលរដ្ឋរស់ផ្នែកខាងជើងនៃបរិវេណរោងចក្រនេះ ក៏ធ្លាប់ជួបប្រទះបញ្ហាដែរ ដោយសារក្លិនស្អុយភាយចេញពីកាកសំណល់បង្ហូរចេញពីដំណើរការចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រ។

អ្នកភូមិបឹងឈូក បាននិយាយរំឭកពីផលលំបាករបស់ពួកគាត់ថា​​​ ក្រៅក្លិនផ្សេងអាក្រក់ និងក្លិនស្អុយ ពួកគាត់ក៏ប្រឈមដោយសាររថយន្តធុនធំចេញចូលពេលថ្ងៃ ជាពិសេស សំឡេងរបស់រថយន្តកុងតឺន័រ ដែលបើកបរលឿននៅពេលយប់ ដោយរោរិ៍ម៉ាស៊ីន និងបង្កសំឡេងក្តុងក្តាំង តាមដងផ្លូវនៅខាងមុខផ្ទះរបស់ពួកគាត់ផងដែរ។

ចំពោះការលើកឡើងទាំងអម្បាលមាណនេះ Swift News មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីរោងចក្រហ្គែនស៍ប៊ឺកបាននៅឡើយទេនៅពេលនេះ។ ប៉ុន្តែសម្រាប់អ្នកភូមិ គឺសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធចុះពិនិត្យ ស្រាវជ្រាវ និងជួយធ្វើអន្តរាគមន៍ ដើម្បីឲ្យប្រាកដថា ពួកគាត់អាចរស់នៅបានក្នុងបរិស្ថានល្អ ដែលមានសុវត្ថិភាព៕ 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង