សម្តេចតេជោ ហ៊ុន សែន សន្យានឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ ដែលមីយ៉ាន់ម៉ា ធ្វើម្ចាស់ផ្ទះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ ឯកឧត្តម យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព ក្នុងអំឡុងពេលដែល ឯកឧត្តម អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា។ឯកឧត្តម ស្រ៉ី ថាមរ៉ុង បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានស្វាគមន៍ ឯកឧត្តមអនុប្រធានាធិបតី ដែលបានផ្ដល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មិនគ្រាន់តែបង្ហាញពី សាមគ្គីជាតិក្នុងចំណោម ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានបង្ហាញពីផ្សារសាមគ្គីភាព រវាងមីយ៉ាន់ម៉ានិងកម្ពុជា ក្នុងទំនាក់ទំនងទ្វេភាគីថែមទៀតផង។ឯកឧត្តមអនុប្រធានាធិបតីមីយ៉ាន់ម៉ា បានឆ្លើយតបវិញ ដោយសប្បាយរីករាយ ដែលបានមកចូលរួម ក្នុងវេទិកានេះ ហើយបានកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយមានសេចក្ដីរីករាយ ចំពោះចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ព្រមទាំងបានអបអរសាទរ ចំពោះជោគជ័យ នៃការប្រព្រឹត្តទៅ នៃកិច្ចប្រជុំកំពូលនេះផងដែរ។ឯកឧត្តម យូ ហេនរី វ៉ាន់ ធីអូ បន្តថា នៅឆ្នាំក្រោយ គឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣, ឯកឧត្តមអនុប្រធានាធិបតី បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពីសាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ។ជំនួបនោះថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណា រិះរក ដើម្បីជំរុញទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការ ខាងវិស័យវប្បធម៌ វិស័យទេសចរណ៍។ ភាគីទាំងពីរ ក៏មានកិច្ចព្រមព្រៀងមួយចំនួន ហើយខិតខំអនុវត្ត ជាពិសេសជំរុញការហោះហើរត្រង់ ថ្វីត្បិតមានការហោះហើរត្រង់មានកន្លងមក ប៉ុន្តែមិនមានភ្ញៀវគ្រប់គ្រាន់ ក៏បានផ្អាកទៅវិញ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង