សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សារណយោគយល់ជាមួយមន្ទីរពាណិជ្ជកម្មខេត្តហ៊ូណាន ដើម្បីជំរុញ និងពង្រឹងការវិនិយោគ

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្តហ៊ូណានប្រទេសចិន ដើម្បីជំរុញនិងពង្រឹងការវិនិយោគរវាងភាគីទាំងពីរកម្ពុជានិងចិន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិ ជ្ជកម្មខេត្តហ៊ូណាន ក្នុងគោលបំណង ផ្តល់ឱកាសដល់ធុរជនចិន បានសិក្សាស្វែងយល់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ក៏ដូចជាចាប់ដៃគូពាណិជ្ជកម្មជាមួយធុរជនកម្ពុជា។

បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា អនុស្សារណៈយោគយល់នេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ក្នុងការជំរុញ និងពង្រឹងការវិនិយោគ ដោយភាគីទាំងពីរ នឹងបង្កើតប្រព័ន្ធនៃការជូនដំណឹងព័ត៌មានជាទៀងទាត់ បង្កើតយន្តការសម្របសម្រួល និងទំនាក់ទំនង ព្រមទាំងមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំទាំងពីរ។ បន្ថែមពីនេះ ភាគីទំាងពីរនិងបង្កើតនូវយន្តការថ្មីៗដើម្បីជួយសម្រួល និងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងខេត្តហ៊ូណានឲ្យកាន់តែប្រសើរ។

បើតាមរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា បានជម្រុញឲ្យខេត្តហ៊ូណាន សិក្សាពីលទ្ធភាពផ្តល់កម្ចីហិរញ្ញប្បទានដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ របស់អ្នកឧកញ៉ា គិត ម៉េង  ដើម្បីមានលទ្ធភាពប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ក៏ដូចជាបន្ថែមការបញ្ជាទិញក្បាលរថភ្លើង និងគម្រោងអភិវឌ្ឍន៍ផ្លូវដែកពីភ្នំពេញទៅតាមបណ្តាខេត្ត ក៏ដូចជាអភិវឌ្ឍន៍គម្រោងនានា ដែលពាក់ព័ន្ធនិងផ្លូវដែក ដោយសារក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ មានកិច្ចសហប្រតិបត្តិការធំៗជាច្រើន ជាមួយនិងក្រុមហ៊ុនចិន ហើយលើសពីនេះ ក៏លើកទឹកចិត្តឲ្យអ្នកវិនិយោគធំៗពីខេត្តហ៊ូណាន ចូលមកវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅក្នុងប្រទេសកម្ពុជាផងដែរ។

យុទ្ធសាស្រ្ត ខ្សែក្រវ៉ាតមួយ ផ្លូវមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ូណាន។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ មានសហគ្រាសចំនួន៣៧មកពីខេត្តហ៊ូណាន ចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បើគិតជាទំហំទឹកប្រាក់មានប្រមាណ ៥០០លានដុល្លារអាមេរិក ជាមួយនិងប្រជាជនខេត្តហ៊ូណាន មកបំរើការងារលើសពី៣ម៉ឺននាក់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង