អាជ្ញាធរខេត្តសៀមរាប បន្តផ្តល់ទីតាំងជូនអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ដើមី្បសាងសង់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល

(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម ប៉ូល ឌុយប្រ៊ូល ប្រធានអង្គការបណ្តុះបណ្តាល និង វឌ្ឍនភាពកម្ពុជា និងជាអតីតអភិបាលក្រុងហ្វុងតែនប្លូ នៃសាធារណរដ្ឋបារាំង នៅរសៀលនេះ បានចុះអនុស្សារណៈលើកិច្ចសន្យាស្តីពី ការបន្តផ្តល់ទីតាំង និងអគារ ជូនដល់អង្គការបណ្តុះបណ្តាល និង វឌ្ឍនភាពកម្ពុជា ដើមី្បសាងសង់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ឯកឧត្តម ប៉ូល ឌុយប្រ៊ូល ប្រធានអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងវិស័យទេចរណ៍នៅកម្ពុជា ជាពិសេសបងប្អូនកូនចៅជាប្រជាពលរដ្ឋខេត្តសៀមរាប ទាំងចំណេះដឹង បច្ចេកទេស ជំនាញ។

ឯកឧត្តម បន្តថាក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ សាលាបានបណ្តុះបណ្តាលសិស្សប្រមាណជាង ៣ពាន់នាក់ និងបានចេញទៅបម្រើការងារនៅតាម ភោជនីយដ្ឋាន សណ្ឋាគារ ក្រុមហ៊ុន និងប្រកបមុខរបរចិញ្ចឹមក្រុមគ្រួសារទៀតផង។

ឯកឧត្តម ទៀ សីហា បន្ថែមថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល មិនត្រឹមតែការបង្រៀនមុខជំនាញប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តមនុស្សធម៌ ចំពោះសិស្សក្រីក្រ មកពីបណ្តាខេត្តផ្សេងៗ ជាពិសេសសិស្សានុសិស្សរស់នៅក្នុងខេត្តសៀមរាប។ ក្រោមកិច្ច សហប្រតិបត្តិការល្អជាមួយគ្នា រវាងរដ្ឋបាលសាលាខេត្តសៀមរាប និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានោះ ឯកឧត្តម ប៉ូល ឌុយប្រ៊ូល ប្រធានអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា បានសម្តែងនូវរីករាយ ចំពោះលទ្ធផលក្នុងរយៈពេល ១៧ឆ្នាំមកនេះ សិស្សដែលបានបញ្ចប់ការបណ្តុះបណ្តាល អាចទទួលការងារនៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងមួយចំនួនអាចចេញទៅប្រកបអាជីវកម្ម ដើមី្បរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារថែមទៀតផង។

ឯកឧត្តម បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដែលតែងតែសហការល្អជាមួយគ្នា ក្នុងកិច្ចទំនាក់ទំនងកិច្ចការរដ្ឋបាល និងការងារសន្តិសុខសណ្តាប់ធ្នាប់ ដែលធ្វើឲ្យអ្នកវិនិយោគមានការជឿជាក់ លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានការអភិវឌ្ឍគ្រប់វិស័យ ក្រោមដំបូលសុខសន្តិភាព។

សូមជម្រាបជូនថា ការចុះហត្ថលេខាលើកិច្ចសន្យា រវាងរដ្ឋបាលខេត្តសៀមរាប និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ក្នុងគោលបំណងដើមី្បគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងដំណើរការគ្រប់គ្រង និងការប្រព្រឹត្តទៅរបស់សាលាឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង បណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និង ទេសចរណ៍ ដល់យុវជនកម្ពុជា និង ផ្តល់លទ្ធភាពជូនយុវជនខ្មែរ នូវឱកាសការងារ និង អាជីពពិតប្រាកដសម្រាប់អនាគត ព្រមទាំងរួមចំណែក អភិវឌ្ឍន៍វិស័យទេចរណ៍នៅកម្ពុជាប្រកបដោយនិរន្តរភាព ក្នុងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាលកម្ពុជា៕
(SWIFT NEWS ឡុក សំរិត)
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង