នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ជួប​ជាមួយ​អនុព័ន្ធយោធា​បារាំង​

(ភ្នំពេញ)៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​អនុញាតឲ្យលោក​វរសេនីយ៍ទោ ម៉ាក រ៉ា​ហ្សា​ហ្វី​ន​ដ្រា​ណា​លី (Marc Razafindranaly) អនុព័ន្ធយោធា​បារាំង​ ប្រចាំ​កម្ពុជា ដែលមាន​និវេស្សនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម និង​លោក​វរសេនីយ៍ទោ សេ​បា​ស្ទៀ​ន គែល (Sebastien Kail) ប្រធាន​បេសកកម្ម​សហប្រតិបត្តិកា​រ ផ្នែក​ការពារ​បារាំង​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គបញ្ជាការដ្ឋាន នាទី​ក្រុងភ្នំពេញ ដើម្បី​បន្ត​ការងារ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​បារាំង ឲ្យ​កាន់តែ​ប្រសើរ ក្នុងឱកាស​ដែល​លោក​មក​បំពេញការងារ​កម្ពុជា​។​

​ក្នុងជំនួប ​នាឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ជំនួសមុខ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ រីករាយ​បំផុត​ចំពោះ​វត្តមាន លោក​វរសេនីយ៍ទោ ប្រធានការិយាល័យ​អនុព័ន្ធយោធា​បារាំង​ប្រចាំ​កម្ពុជា និង​លោក​វរសេនីយ៍ទោ ប្រធាន​បេសកកម្ម​សហប្រតិបត្តិកា​រ និង​ការពារ​បារាំង ប្រចាំ​នៅ​កម្ពុជា ដោយ​ឯកឧត្តម បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់លោក​អនុព័ន្ធយោធា និង​លោក​ប្រធាន​បេសកកម្ម​ការពារ​បារាំង ដែល​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​យោធា​របស់លោក​នៅ​កម្ពុជា បានធ្វើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ដ៍​ល្អ​ជាមួយ ខ​.​ភ​.​ម​។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ជំនួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ​កង​យោពល​ខេមរភូមិន្ទ បាន​សំដែង​នូវ​អំណរគុណ ជា​ពន់ពេក​ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​នៃ​សាធារណរដ្ឋ​បារាំង ដែលជា​និច្ចកាល តែង​បាន​ជួយឧបត្ថម្ភ គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា និង​ផ្នែក​បច្ចេកទេស ក្នុង​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដល់​កងយោធពល​ខេមរភូមិន្ទ​រហូតមក នៅ​កម្ពុជា និង​នៅ​ប្រទេស​បារាំង​ ដែលមាន​ជា​អាថ៌ ដូចជា​ការជួយ​បណ្ដុះបណ្ដាល​នាយទាហាន​សកម្ម ដែលមាន​វ័យក្មេង នៅ​សាលា​នាយទាហាន​សកម្ម នៃ​កង​យោពល​ខេមរភូមិន្ទ ការជួយ​បណ្ដុះបណ្ដាល​កងកម្លាំង​ផ្នែក​ច្បាប់​ដល់​កងរាជអាវុធហត្ថ​, ការជួយ​បណ្ដុះបណ្ដាល​កងកម្លាំងរ​ក្សា​សន្តិភាព​របស់​កម្ពុជា និង​ជួយ​លើ​ផ្នែក​បច្ចេកទេស​ផ្សេងៗ ដទៃទៀត​ជាច្រើន សំដៅ​ជួយ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ មាន​គ្រប់​លទ្ធភាព​ក្នុងការ​ពង្រឹង​ប្រៀប​ការពារជាតិ ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់​តែមាន​ភាពរឹងមាំ​។

ឯកឧត្តម ឥត សារ៉ាត់ សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ លោក​អនុព័ន្ធយោធា និង​លោក​ប្រធាន​បេសកកម្ម​សហប្រតិបត្តិកា​រ ផ្នែក​ការពារ​បារាំង និង​បន្តធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​បារាំង កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​លោក​វរសេនីយ៍ទោ ម៉ាក រ៉ា​ហ្សា​ហ្វី​ន​ដ្រា​ណា​លី បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ នៃ​កងយោធពល​ខេ​មរ​ភូ​មិ្ទ ដែល​ក្នុង​រយៈពេល​នៃ​អណ​ត្តិ​កា​ទូត​យោធា​របស់លោក នៅ​កម្ពុជា កន្លងមកនេះ ថ្នាក់ដឹកនាំ ខ ភ ម គ្រប់លំដាប់​ថ្នាក់​បា​នប​ង្ក​គ្រប់​លក្ខណៈសម្បត្តិ ជំរុញ​ឲ្យ​បេសកម្ម​ការទូត​យោធា របស់លោក​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​។

លោក​វរសេនីយ៍ទោ ម៉ាក រ៉ា​ហ្សា​ដ្រា​ណា​លី បាន​បញ្ជាក់ថា​៖ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​ការនិយាយ និង​ប្រើប្រាស់​ភាសា​បារាំង តាំងពី​យូរណាស់​មកហើយ ហើយ​លោក​ចង់​បន្ត​ពង្រឹងពង្រីក និង​ការបណ្ដុះបណ្ដាល​ផ្នែក​ភាសា​បារាំង​នេះ ឱ្យដល់​កម្ពុជា​បន្តទៀត ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ជាមួយនឹង​កងយោធពល​ខេមរភូមិន្ទ​។ ​

បន្ទាប់​ពីនេះ ភាគី​កងទ័ព​បារាំង នឹង​នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​កម្ពុជា ក្នុង​ការជួយ​ដល់​នៅ​ការរៀបចំ​សរសេរ​សៀវភៅ​ស​ការពារជាតិ ដែល​ការសរសេរ​សៀវភៅ​ស​ការពារជាតិ​នេះ ប្រទេស​បារាំង​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ដូច្នេះ​បារាំង​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​កម្ពុជា ដើម្បី​ផ្លាស់ប្ដូរ​នៃ​ការរៀប​កិច្ចប្រជុំ ដែល​អាចធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា ឬ​នៅ​ប្រទេស​បារាំង ដែល​ទាក់ទង​ទៅនឹង​របៀប​សរសេរ និង​ការរៀបចំ​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។

លោក​វ​សេនីយ៍​ទោ ម៉ាក រ៉ា​ហ្សា​ហ្វី​ន​ដ្រា​ណា​លី ក៏បាន​សុំ​កិច្ចសហប្រតិបត្តិការ ពី​ឯកឧត្តម​អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ផងដែរ​ថា​៖ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ គូ គឹម​បេ ដែលជា​នាយសេនាធិការ​កងទ័ព​បារាំង នឹង​មក​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយ​សេនាធិការ​ក​ង​ទ័ពបារាំង​នៅ​កម្ពុជា​លើក​នេះដែរ គឺជា​ឱកាស​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​បារាំង និង​កងទ័ព​កម្ពុជា​។​

ជាការ​ឆ្លើយតប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់ថា​៖ ឯកឧត្តម​នឹង​ទទួលយក​រាល់​សំណើរ​របស់​អនុព័ន្ធយោធា​បារាំង ទាំង​ផ្នែក​នៃ​ការផ្ដល់​ការពង្រឹង​ពង្រីក​ផ្នែក​ភាសា​បារាំង ការជួយ​បណ្ដុះបណ្ដាល​ផ្នែក​កង​រក្សា​សន្តិភាព​។ ហើយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សា​រ៉​ត់ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏បាន​ស្នើសុំ​ដល់​ភាគី កងទ័ព​បារាំង​តាមរយៈ​លោក​អនុព័ន្ធយោធា​បារាំង​ប្រចាំ​នៅ​កម្ពុជា ឲ្យ​បន្ត​ជួយ​ដល់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ ដែល​ឈរជើង​នៅ​បណ្ដា​ប្រទេស​នានា ព្រោះថា​កម្លាំង​ទាំងនោះ​មិនមែនជា​កម្លាំង​ប្រយុទ្ធ​មាន​អាវុធ​នោះទេ តែ​ជា​កម្លាំង​ដោះមីន និង​មនុស្សធម៌​តែប៉ុណ្ណោះ ដូច្នេះ​សូមជួយ​ថែរក្សា​ការពារ​ដល់​កម្លាំង​រប​ស់​កម្ពុជា​នៅ​បណ្ដា​ប្រទេស​ទាំងនោះ​ផង​។

ចំណែកឯ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ទោ គូ គឹម​បេ នាយសេនាធិការ​កងទ័ព​បារាំង​នៅ​កម្ពុជា ឯកឧត្តម​ស្វាគមន៍​ជានិច្ច​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា ហើយ​ឯកឧត្តម​សង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក គូ គឹម​បេ​រ នៅ​កម្ពុជា និង​នាំនូវ​ការពិភាក្សា​ដ៏​ល្អ នឹង​ទទួលបាន​ផ្លែផ្កា​ក្នុងការ​ពង្រឹងពង្រីក និង​ការអភិវឌ្ឍន៍​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​បារាំង​កាន់តែ​ប្រសើរឡើង​។

ដោយឡែក ​ចំពោះ​ការចង់​ជួយ​របស់​បារាំង លើ​ការសរសេរ​សៀវភៅ​ស​ការពារជាតិ របស់​ភាគី​បារាំង​សម្រាប់​កម្ពុជា ឯកឧត្តម​បញ្ជាក់ថា​៖ កម្ពុជា​ទទួល​ស្វាគមន៍​ជានិច្ច តែ​សូម​ឲ្យ​មានការ​ពិភាក្សា​លម្អិត​នឹង​ទទួល​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​កម្ពុ​ជា​ជាមុនសិន៕​

  

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង