សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​

(បាងកក)៖ ​ក្នុងឱកាស​ការអញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៦ (6th ADMM-Plus) នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមតំណើរ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ បាន​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម PROBOVO SUBIANTO រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​ជំនួប​នោះ តាមរយៈ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, ឯកឧត្តម PROBOVO SUBIANTO រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី បាន​សំដែង​ការសាកសួរ​សុខទុក្ខ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

មានមតិ​ឆ្លើយតប​វិញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​ការអបអរសាទរ​ចំពោះ ឯកឧត្តម PROBOVO SUBIANTO ដែល​បានទទួល​មុខតំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​។

សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា​៖ កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ប្រពៃណី ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា តាំងពី​យូរយា​ណាស់​មកហើយ ហើយ​ឥណ្ឌូនេស៊ី​បាន​ជួយ​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា ក្នុង​កំឡុង​សម័យ​អ៊ុនតាក់​។

សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ទៀតថា​៖ ចាប់តាំងពី​ពេលនោះ​មក ឥណ្ឌូនេស៊ី​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ និង​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​យ៉ាងច្រើន ក្នុងនោះ​លើ​ផ្នែក​វិស័យ​យោធា ឥណ្ឌូនេស៊ី​បាន​ជួយ​បណ្តុះបណ្តាល ហ្វឹកហ្វឺន ខ​.​ភ​.​ម ដល់​កងពលតូច​ទ័ព​ពិសេស​ឆ​ត្រ័​យោង​លេខ​៩១១ និង​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​បន្តបន្ទាប់​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា​៖ នៅលើ​វេទិកា​អន្តជាតិ កម្ពុជា និង​ឥណ្ឌូនេស៊ី បានធ្វើការ​ផ្លាស់​ទស្សនៈ​គ្នា​ទៅវិញទៅមក និង​បាន​រិះរក​វិធី ដើម្បី​បំរើ​ផលប្រយោជន៍​រួម ហើយ​សម្តេច​ស​ង្ឍឹ​ម​ថា​៖ តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន យើង​នឹង​បាន​ពិភាក្សាគ្នា ជាមួយ​ប្រទេស​ជា​ដៃគូរ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​។ ឆ្លៀត​ក្នុងឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​អញ្ជើញ ឯកឧត្តម PROBOVO SUBIANTO ដែល​ទើប​បានទទួល​មុខដំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។​

ជា​ចុងក្រោយ ឯកឧត្តម PROBOVO SUBIANTO បាន​បញ្ជាក់ថា​៖ កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយគ្នា​តាំងពីរ​យូរលុង​ណាស់​មកហើយ​។ ឯកឧត្តម រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​បានបញ្ជាក់​ទៀតថា​៖ នឹង​បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា តាម​សំណើរ​ដែល​អាចធ្វើ​ទៅបាន ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង