កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) នៅ​ទីក្រុង​បាងកក បានធ្វើការ​ពិភាក្សាគ្នា​ជុំវិញ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​

(​បាងកក​)៖ បញ្ហា​សន្តិសុខ នៅក្នុង​តំបន់ ត្រូវបាន​លើកយក​មក​ធ្វើការ​ពិភាក្សាគ្នា នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមដំណើរ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ច​ការបរទេស ក្រសួងការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន រួម​និង​កិច្ចប្រជុំ ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​នៅ​ទីក្រុង​បាងកក​។​

​ថ្លែង​បើក​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្តម ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​​ថៃ​បាន​សម្ដែង​ការកោតសរសើរ សមាជិក​ប្រទេស​អាស៊ាន ចំពោះ​ការបន្ត​ការចូលរួម​ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិការ​អាស៊ាន ដែល​អាចធ្វើ​ឲ្យ​មាន​លទ្ធផល​ជាក់ស្ដែង​ទៅលើ​តួនាទី​ជា​ស្នូល​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុង​អាស៊ាន​។

​ឯកឧត្តម ប្រា​វីត វង្ស​សុវណ្ណ បាន​ថ្លែងអំណរគុណ​ប្រទេស​អាស៊ាន​ទាំងអស់ ក្នុងការ​ដោះស្រាយ​បញ្ហា និង​ចូលរួម​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា​៖ ប្រឆាំង​ភេរវកម្ម សន្តិសុខ​លម្ហរ​សមុទ្រ សង្គ្រោះ​គ្រោះមហន្តរាយ ក៏ដូចជា​កសាង​ជំនឿ​ទុកចិត្ត​គ្នា ជាមួយ​ប្រទេស​បូក​។

​ឯកឧត្តម សង្ឃឹមថា​៖ កិច្ចសហប្រតិបត្តិការ​នេះ ជំរុញ​ឲ្យ​អាស៊ាន​អាច​រក្សាបាន​នូវ​សន្តិសុខ និង​ស្ថិរភាព ប្រកបដោយ​ចីរភាព​។ ក្នុង​កិច្ចប្រជុំ​នោះ បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់ ក៏បាន​ចែករំលែក និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក ជុំវិញ​បញ្ហា​សន្តិសុខ​តំបន់ និង​អន្តរជាតិ​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ក្នុងឱកាស​នោះ​ដែល សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា​៖ ការវិវត្ត​ឥតឈប់ឈរ នៃ​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជាច្រើន​។ ទន្ទឹមនឹង​បញ្ហា​សន្តិសុខ​បែប​ប្រពៃណី ដែល​នៅតែ​បន្ត​ចោទ​ជា​បញ្ហា យើង​ឃើញ​មានការ​លេចឡើង​បន្តបន្ទាប់​នូវ​បញ្ហា​សន្តិសុខ​មិនមែន​ប្រពៃណី ដែលមាន​ភាពស្មុគស្មាញ ដែល​ប៉ះពាល់​គ្រប់​វិស័យ ហើយ​ដែល​ប៉ះពាល់​ទៅលើ​សុខុមាលភាព និង​ការរស់នៅ​របស់​ប្រជាជន​យើង​។

​ក្នុងន័យនេះ សម្តេច​ពិជ័យ​សេនា បាន​លើកយក​បញ្ហា​រួម​ធំៗ​ចំនួន​ពីរ​ធ្វើការ​អត្ថាធិប្បាយ ដែល​ក្នុងនោះ ទី​១៖ ទាក់ទង​ទៅនឹង​ការគំរាមកំហែង​នៃ​ភេរវកម្ម ដែល​នៅក្នុង​តំបន់​នៅតែមាន​ការ​ព្រួយ​បារម្ភ​កាន់តែខ្លាំង​ឡើង អំពី​ការរីក​សាយភាយ​នៃ​អំពើ​ភេរវកម្ម ក៏ដូចជា​ផលប៉ះពាល់​នៃ​សកម្មភាព​ទាំងនេះ មកលើ​សង្គម​របស់​យើង​។ យើង​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​ការ​ត្រលប់​មកវិញ នៃ​ជន​សកម្មប្រយុទ្ធ និង​ការផ្សព្វផ្សាយ​មនោគមវិជ្ជា​ជ្រុលនិយម ក៏ដូចជា​ឥទ្ធិពល​មកលើ​ក្រុម​បណ្តាញភេរវកម្ម​ក្នុង​តំបន់​។

ភាពងាយស្រួល​ក្នុងការ​ទាញយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​សំខាន់ៗ​មួយចំនួន​ដូចជា បច្ចេកវិទ្យា​ភាព​ព័ត៌មានវិទ្យា គ្រឿងយន្ត និង​បច្ចេកវិទ្យា​ជីវសាស្ត្រ បានក្លាយ​ជាការ​ព្រួយបារម្ភ​សម្រាប់​បរិយាកាស​សន្តិសុខ​ក្នុង​តំបន់​។

ការផ្សព្វផ្សាយ​ដែល​បណ្តាលឱ្យមាន​ភាពភ័យខ្លាច និង​ការឃោសនា​ឱ្យ​មានការ​ស្អប់ខ្ពើម​តាម​បណ្តាញ​សង្គម​នានា គឺជា​ការយក​បច្ចេកវិទ្យា​ធម្មតា​មកប្រើប្រាស់ ក្នុង​សកម្មភាព ភេរវកម្ម ហើយ​ដែល​អាច​បង្កអោយមាន​ភា​ព​ខូចខាត​យ៉ាងច្រើន​។

​ចំពោះ​បញ្ហា​ទី​២៖ សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា​៖ គឺ​ការប្រកួតប្រជែង​នៃ​ប្រទេស​មហាអំណាច​។ គ្រឹះ​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​ហាក់​ចាប់ផ្តើម​រង្គោះរង្គើ ហើយ​អនាគត​របស់​ពិភពលោក​ហាក់​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ សង្គ្រាម​ពាណិជ្ជកម្ម អាច​បង្កអោយមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល​។ នៅពេលដែល​សេដ្ឋកិច្ចពិភពលោក​អន់ថយ វា​នឹង​ជះ​ឥ​ទ្ធ​ពល​ដល់​យើងទាំង​អស់គ្នា​។ ប្រសិនបើ​ភាព​តានតឹង​នេះ​នៅតែ​បន្ត​ឬ​កាន់តែ​ដុនដាប វា​នឹង​បង្ក​អោយ​បាត់បង់​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​រវាង​គ្នា​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​នូវ​ឆន្ទៈ​ក្នុងការ​បំពេញការងារ​រួមគ្នា​ជាមួយ​សមាជិក​អាស៊ាន​​ទាំងអស់ ក្នុង​និម្មាបនកម្ម​សន្តិសុខ​បច្ចុប្បន្ន​។ ក្នុង​ស្មារតី​អាស៊ាន យើង​នឹង​រួមគ្នា​រក្សា​ឯកភាព និង​សាមគ្គីភាព​ក្នុងការ​ពិភាក្សា និង​ធ្វើ​ការងារ​ជាមួយ​ដៃគូ​ក្រៅ​តំបន់ ដើម្បី​ធានា​អោយបាន​នូវ​សន្តិភាព ស្ថិរភាព សុវត្ថិភាព អភិវឌ្ឍន៍ និង​វិបុលភាព​ក្នុង​តំបន់​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង