អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា ២០១៩ ក្រោមប្រធានបទ«ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ឆ្ពោះទៅរកការរួមបញ្ចូលគ្នា នៅក្នុងសេដ្ឋកិច្ចឌីជីថល»

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប សហការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំ ទិវាសប្តាហ៍ សហគ្រិនភាពសកល-កម្ពុជា ២០១៩ ក្រោមប្រធានបទ «ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ឆ្ពោះទៅរកការរួមបញ្ចូលគ្នានៅក្នុងសេដ្ឋកិច្ចឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

លោក ឡាយ គឹមសួរ ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តសៀមរាប បានថ្លែងថា គោលបំណង នៃទិវាសប្តាហ៍ សហគ្រិនភាពសកល-កម្ពុជា ២០១៩ គឺការលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់យុវជន ដែលមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើមី្បឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហគ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិន ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ ក្នុងវិស័យធុរៈកិច្ច ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជាដើម។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានសហការជាមួយអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធរៀបចំកម្មវិធី ទិវាសប្តាហ៍សហគ្រិនភាពសាកលកម្ពុជា ឆ្នាំ២០១៩ នេះឡើងដើម្បីចូលរួមអបអរសាទរ ដ៏ធំបំផុតនៅលើពិភពលោក ដល់អ្នកផ្តួចផ្តើមគំនិតថ្មី និងអ្នកបង្កើតការងារ ដែលបានចាប់ផ្តើមពាំនាំយកនូវគំនិតល្អៗសំរាប់ជីវិត ដឹកនាំឲ្យមានភាពរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងពង្រឹក នូវសុខមាលភាពរបស់មនុស្ស។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថាវេទិកានេះបានឆ្លើយតបដល់អ្នកបង្កើតគំនិតថ្មី និងអ្នកដែលបានចែករំលែកបទពិសោធន៍ ជោគជ័យក្នុងពិភពលោក សម្រាប់យុវជនជំនាន់ក្រោយ បានយកមកអនុវត្តន៍លើមុខរបររបស់ខ្លួន និង ត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន ហើយទទួលយកយុទ្ធសាស្ត្រជំនាញ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនបំផុតពីកាលានុវត្តភាពទាំងនេះ ព្រោះថា សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកកំពុងបើកចំហរកាលានុវត្តភាពល្អសម្រាប់យើងទាំងអស់គ្នា ដោយសារប្រព័ន្ធ Internet បានបង្កើតអាជីវកម្មថ្មីៗ ជាច្រើន ដែលបានបង្កើតទ្រព្យសម្បត្តិឱ្យសហគ្រិន អ្នកជំនាញ និងអ្នកមិនមែនអាជីពផ្នែកបច្ចេកវិទ្យានានា។

ឯកឧត្តម ហេង សុខគង់ បានជម្រុញលើកទឹកចិត្តដល់យុវជន និងសហគ្រិនទាំងអស់ត្រូវតែខិតខំបង្កើនសមត្ថភាព ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនថែមទៀត និងត្រូវលប់បំបាត់នូវផ្នត់គំនិតមិនល្អមួយចំនួនដូចជា ការធ្វើអាជីវកម្មតាមគេតាមឯង ដោយមិនមានការសិក្សាទីផ្សារឲ្យបានច្បាស់លាស់ និងការប្រែក្លាយពីការគ្រប់គ្រងតាមបែបគ្រួសារ មកជាការគ្រប់គ្រងតាមបែបអាជីវកម្មវិញ ខណៈដែលកម្ពុជាត្រូវការសហគ្រិនចំណានៗ ថែមទៀត ដើម្បីជួយជម្រុញដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យឈានឡើងជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ហេង សុខគង់ បន្ថែមថា កម្ពុជានៅតែស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស តែយើងក៏ចង់ឃើញវិនិយោគិនខ្មែរងើបឡើងកាន់តែច្រើននៅក្នុងបរិយាសប្រកួតប្រជែងមួយប្រកបដោយការស្មើភាព និងយុត្តិធម៌រវាងអ្នកស្រុក និងអ្នកក្រៅស្រុក។ ក្រៅពីនេះ យើងក៏នឹងកសាងនូវប្រព័ន្ធអេកូឡូស៊ីមួយ ដែលកាន់តែមានភាពអនុគ្រោះថែមទៀត ដើម្បីលើកកម្ពស់បរិយាកាសប្រកួតប្រជែង ដែលធានាដល់ការលូតលាស់នៃសហគ្រិន តាមរយៈក្របខ័ណ្ឌច្បាប់ចាំបាច់មួយចំនួន ដូចជាច្បាប់ក្ស័យធន ច្បាប់ប្រកួតប្រជែង និងការពារកម្មសិទ្ធិបញ្ញាជាដើម៕
(SWIFT NEWS ឡុក សំរិត)
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង