អាជ្ញាធរខេត្តកំពតសន្យាដាក់លូបង្ហូរទឹកសងខាងផ្លូវប្រវែង ៥០០ម៉ែត្រជូនអ្នកភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ
(កំពត)៖ ដើម្បីឆ្លើយតបតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពតសន្យាដាក់លូបង្ហូរទឹកមុខកាត់ ០,៦០ម៉ែត្រនៅសងខាងផ្លូវប្រវែង ៥០០ម៉ែត្រជូនអ្នកភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ នៅអំឡុងខែមករា ឆ្នាំ២០២០ខាងមុខ។
ការបន្យាដោះស្រាយបញ្ហាលូបង្ហូរទឹកនៅសងខាងផ្លូវជូនបងប្អូនប្រជាពលរដ្ឋខាងលើ បានធ្វើឡើងនៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ដែលបានរៀបចំកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាស្រុកទឹកឈូ ក្រោមអធិបតីភាពឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។
ក្រៅពីបញ្ហាខាងលើនេះ បងប្អូនប្រជាពលរដ្ឋក៏បានលើកឡើងនូវបញ្ហាជាច្រើន ដើម្បីជូនអាជ្ញាធរខេត្តដោះស្រាយផងដែរ រួមមាន បញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធជាដើម។
ជាការឆ្លើយតប ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានណែនាំឲ្យរដ្ឋបាលស្រុកទឹកឈូ សហការជាមួយមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ និងរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត រយៈពេលយ៉ាងយូរ ១៥ថ្ងៃ៕
(SWIFT NEWS ឡុក សំរិត)
ប្រភព៖ រដ្ឋបាលខេត្តកំពត

