មកស្គាល់! អ្នកបញ្ចូលសំឡេងជាង ៣ទសវត្ស ដែលពុំសូវមានអ្នកស្គាល់មុខ
(ភ្នំពេញ)៖ មានបងប្អូនទស្សនិកជនជាច្រើន ដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគរបស់ សិង្ហបុរី តាំងពី ២០ ទៅ ៣០ឆ្នាំមុន ជាពិសេសតួនាង ទីងហ៊ុយ និងខ្លះ ហៅនាង ធុងស៊ី ក្នុងរឿង ( ផ្លូវមាស ស្ពានស្នេហ៍ )ហើយមហាជនតែងតែចង់ដឹងថា តើអ្នកបញ្ចូលសំឡេងតារាសិង្ហបុរី រូបនេះ គឺជាអ្នកណា ? ព្រោះតារាបញ្ចូលសំឡេងភាគច្រើន ហាក់មិនត្រូវបាននរណាម្នាក់លើកយកមកនិយាយ ឬហាក់មិនដែលបានស្គាល់មុខនោះឡើយ។
ទំព័រហ្វេសប៊ុក Movie star research ចាត់ទុកថា មានភាពមិនយុត្តិធម៌ខ្លះដែលបានកើតឡើងក្នុងពិភពសិល្បៈខ្មែរនៅក្នុងផ្នែកខ្លះ ហេតុដូច្នេះហើយទើបគេហទំព័រមួយនេះ លើកយកអំពីសមត្ថភាពនៃការ បញ្ចូលសំឡេងរបស់អ្នកស្រី មកនិយាយនៅក្នុងថ្ងៃនេះ ព្រោះបើយើងមិនបង្ហាញ អាចក្នុងមួយជីវិតនេះ កើតមករហូតដល់បាត់បង់ជីវិតទៅវិញ ក៏នៅតែមិនដឹងថាម្ចាស់សំឡេងរូបនេះ គឺជាអ្នកណា?
បើតាម Movie star research កំពូលតារាបញ្ចូលសំឡេងដ៏ល្បីល្បាញជាង ៣ ទសវត្សរ៍មកហើយ គឺអ្នកស្រី តូច យ៉ានី អ្នកស្រីប្រកបមុខរបរ ជាតារាបញ្ចូលសំឡេងតាំងពីឆ្នាំ ១៩៨៦ នៅរោងភាពយន្ត ខេត្តបាត់ដំបង ដែលកាលណោះមិនទាន់មានផលិតកម្មនៅឡើយទេ ក្រោយមកអ្នកស្រីបានមករស់នៅភ្នំពេញនៅឆ្នាំ ១៩៨៨ អ្នកស្រីក៏ចាប់ផ្ដើមបញ្ចូលសំឡេងក្នុងរឿងភាគជាច្រើនរាប់មិនអស់របស់ សិង្ហបុរី ដែលអ្នកស្រីបញ្ចូលសំឡេងជាតួឯកគ្រប់រឿង ជាពិសេសរឿងដែលល្បីល្បាញបំផុតក្នុងទសវត្សឆ្នាំ ៨០-៩០ គឺរឿង ( ផ្លូវមាសស្ពានស្នេហ៍ ) ( ខ្នើយមាស ) និងក្នុងទសវត្សឆ្នាំ២០០០ គឺរឿង ( F4 ) របស់ចិនតៃវ៉ាន់ គឺអ្នកស្រី តូច យ៉ានី បញ្ចូលសំឡេងតួឯកស្រីគឺនាង សាន់ឆាយ ដែលសុទ្ធសឹងជាខ្សែភាពយន្តភាគដ៏ល្បីល្បាញពេញទ្វីប អាស៊ី ។
តាមការរៀបរាប់របស់អ្នកស្រី តូច យ៉ានី បានអោយដឹងថា អ្នកស្រីប្រកបរបរជាតារាបញ្ចូលសំឡេងនេះ មានរយៈពេលជាង ៣០ឆ្នាំមកហើយ ចំនួនខ្សែភាពយន្តដែលអ្នកស្រីបានបញ្ចូលសំឡេង មាន ចំនួនរហូតដល់ទៅ រាប់ពាន់រាប់ម៉ឺនរឿងឯណោះ ថ្វីបើកន្លងមក មិនមានអ្នកណាស្គាល់មុខមាត់ពិតរបស់អ្នកស្រីក៏ដោយ ប៉ុន្ដែសំឡេងរបស់អ្នកស្រីពិតជាមានភាពទាក់ទាញល្បីល្បាញយ៉ាងខ្លាំង ដោយគ្រាន់តែឮសំឡេង អាចធ្វើឲ្យនឹកដល់តួអង្គនីមួយៗ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកស្រី តូច យ៉ានី មានវ័យ ៥៥ឆ្នាំហើយ អ្នកស្រីនៅតែបន្តអាជីពជាតារាបញ្ចូលសំឡេង ក្នុងផលិតកម្ម ហង្សមាស សម្រាប់រឿងភាគ ចិន កូរ៉េ និង ខ្មែរសូម្បីតែរឿង ( រាជិនីភូមិគ្រឹះ ) ក៏អ្នកស្រីបញ្ចូលសំឡេងតួឯកស្រីគឺ សុខ ស្រីនាង និយាយរួមគ្រប់រឿងមិនថា រឿងរបស់ប្រទេសណា គឺតែងតែមានវត្តមានរបស់អ្នកស្រីនៅក្នុងសំឡេងតួឯកស្រីទាំងអស់សព្វថ្ងៃនេះផងដែរអ្នកស្រី មានបុត្រចំនួន ៣នាក់ ស្រី១នាក់ និងប្រុស២នាក់៕

