ចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ មិត្តចាស់ មិត្តដែកថែប មានទំនាក់ទំនងល្អណាស់ និងមានកិច្ចសហប្រតិបត្តការគ្នាល្អ

(ភ្នំពេញ)៖ ឯកឧត្តម ទូ ជៀហាវ (Du Jiahao) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តយូណាន បានបញ្ជាក់ថា ប្រទេសចិន និងប្រជាជនចិន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រទេសកម្ពុជាជាមិត្តល្អ មិត្តចាស់ មិត្តដែកថែប មានទំនាក់ទំនងល្អណាស់ និងមានកិច្ចសហប្រតិបត្តការគ្នាល្អ។

ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់នេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដឹកនាំសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តយូណាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា នៅក្នុងទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃនេះឯកឧត្តម មានចិត្តសប្បាយរីករាយដោយឃើញកម្ពុជាទើបនឹងបានប្រារព្ធខួបលើកទី៦៦ ឆ្នាំនៃឯករាជ្យជាតិ ប្រកបដោយជោគជ័យសប្បាយរីករាយ ហើយទឹកមុខប្រជាពលរដ្ឋសប្បាយរីករាយ មានជីវភាពធូធារ រស់នៅក្នុងសន្តិភាព ដែលបង្ហាញពីជំនឿនិងទំនុចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

តាមរយៈការសំណេះសំណាលនេះ ឯកឧត្តម ទូ ជៀហាវ បានយល់អំពីការដឹកនាំគ្រប់គ្រង និងជំនឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតី ហ្ស៊ី ជិនពីង (Xi Jinping) និង លោកនាយករដ្ឋមន្ត្រី លី គឺឈៀង (Li Keqiang) ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសូមថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុនសែន ដែលបានអញ្ជើញទៅប្រទេសចិនចំនួន២ដង នៅក្នុងឆ្នាំ ២០១៩ ហើយកន្លងមកនេះហើយថ្មីៗនេះ សម្ដេចតេជោ ក៏បានជួបនៅជាមួយនឹងលោកនាយករដ្ឋមន្ត្រី លី កឺឈៀង នៅទីក្រុងបាងកកប្រទេសថៃផងដែរ។

ចំណែកសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកកម្ពុជាតាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ វិច្ឆិកា នេះ។

ឯកឧត្តម ទូ ជៀហាវ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឲ្យរូបលោកបានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ដែលកន្លងមក ឯកឧត្តម ធ្លាប់បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនៅថ្នាក់មូលដ្ឋានក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប រួចមកហើយដែរ។

លោកឯកឧត្តម បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីខេត្តយូណាន ដែលមានប្រជាជនដល់៧០លាននាក់ ហើយខេត្តនេះមានផលិតនូវគ្រឿងចក្រ និងឧបករណ៍ល្បីៗ ដូចជារថភ្លើងក្រោមដី រថភ្លើងល្បឿនលឿន សម្ភារៈសម្រាប់បម្រើក្នុងការកសាងរចនាសម្ព័ន្ធ ក៏ដូចជាក្នុងវិស័យកសិកម្ មដែលអាចសហការល្អជាមួយនឹងប្រទេសកម្ពុជា ហើយនឹងជួយហេដ្ឋារចនាសម្ព័ន្ធ ប្រមទាំងវិស័យកសិកម្មនៅកម្ពុជាទៀតផង។

ឯកឧត្តម ទូ ជៀហាវ បានស្វាគមន៍ចំពោះទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន រួមទាំងទៅខេត្តយូណាន ពិសេសជាទំនិញម្ហូបអាហារ និងផ្លែឈើជាដើម។

នៅក្នុងជំនួននេះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា លោកនឹងជួយផ្សព្វផ្សាយការរីកចម្រើនរបស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនចិន និងខេត្តយូណាន ហើយនឹងបន្តជំរុញឲ្យខេត្តយូណានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែល្អថែមទៀត ព្រមទាំងបន្តជួយគាំទ្រដល់ប្រទេសកម្ពុជាទៀតផង។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានគោរពសូមអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចនៅខេត្តយូណាន ប្រសិនបើជាសម្ដេចអញ្ជើញទៅទស្សនៈកិច្ចនៅប្រទេសចិន លើកក្រោយទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណប្រតិភូចិនដែលបានពាំនាំការផ្តាំផ្ញើសុខទុក្ខពីលោកប្រធានាធិបតី ហ្សី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី កឺឈៀង ហើយសម្ដេចតេជោ បានចាត់ទុកថា ទស្សនកិច្ចកន្លងទៅរបស់ឯកឧត្តម ទូ ជៀហាវ នៅខេត្តបាត់ដំបង និងនៅខេត្តសៀមរាប គឺបានធ្វើឲ្យឯកឧត្តម បានយល់ដឹងកាន់តែច្បាស់ អំពីការដឹកនាំ និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចេជោមានប្រសាសន៍ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា កន្លងមកនេះ គឺជាការយកចិត្តទុកដាក់របស់សមាជិកបក្ស ដើម្បីធ្វើយ៉ាងណាឱ្យសមាជិកមានទំនុកចិត្ត មានអារម្មណ៍ល្អ សាមគ្គីភាពផ្ទៃក្នុង និងស្មោះត្រង់ ដែលបានប្រែក្លាយសមាជិកបក្សម្នាក់ជាសន្លឹកឆ្នោតមួយដល់បក្សផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណើ របស់ឯកឧត្តម ទូ ជៀហាវ ដើម្បីអញ្ជើញទៅចូលរួមទស្សនកិច្ចនៅខេត្តយូណាន ប្រទេសចិន ក្នុងពេលដ៏សមរម្យណាមួយនាពេលខាងមុខ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរសាជាថ្មីចំពោះខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ថា នៅថ្ងៃទី៤ ធ្នូ ខាងមុខនេះ កម្ពុជានឹងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិនកម្ពុជា ដែលទាំងអស់នេះនឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ ហើយក៏មិនគ្រាន់តែជាផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍សម្រាប់នយោបាយនៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ទូ ជៀហាវ បានថ្លែងអំណគុណចំពោះប្រសាសន៍របស់ សម្ដេចតេជោ ហើយពេលនេះមានអារម្មណ៍កាន់តែយល់ច្បាស់អំពីអត្ថន័យ «ដែកថែប» ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរតែងតែលើកលឡើងតំណាងឲ្យចំណងមេត្រីភាពកម្ពុជាចិន ដែលកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

ឯកឧត្តម បានកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ដែលមានយុទ្ធសាស្ត្រដឹកនាំឈ្លាសវៃខ្ពង់ខ្ពស់ ដែលបានប្រកាន់ភ្ជាប់នូវនយោបាយចិនមួយ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ទូ ជៀហាវ បានរំលឹកថា រូបឯកឧត្តមផ្ទាល់ធ្លាប់បានឮឈ្មោះរបស់សម្ដេចតេជោ និងព្រះបរមនាមរបស់អតីតព្រះមហាក្សត្រកម្ពុជា ដែលបានកសាងមិត្តភាពរវាងប្រទេសទាំងពីរមកទល់បច្ចុប្បន្ន ដែលពេលនេះ គឺឈ្មោះសម្ដេចតេជោ ហ៊ុន សែន ត្រូវបានស្គាល់ទូទាំងប្រទេសចិន ហើយចាត់ទុកសម្ដេចតេជោ មិត្តដ៏ល្អរបស់ចិន ដែលបញ្ជាក់ច្បាស់ថា មិត្តភាពកម្ពុជា-ចិនឆ្លងកាត់ពេលវេលាយូរលង់ណាស់មកហើយ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែរូីកចម្រើននិងរឹងមាំ៕

     

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង