អាជ្ញាធរខេត្តព្រះសីហនុ និងក្រុមហ៊ុនចំនួន ៨ បើកកិច្ចប្រជុំដោះស្រាយប្រឈមក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំដោះ​ស្រាយបញ្ហាប្រឈមផ្នែកអគ្គិសនីលើគម្រោងស្ថាបនាផ្លូវចំនួន ៣៤​ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូល រួមដោយក្រុម​ហ៊ុនចំនួន៨ និងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់​ព័ន្ធក្នុង​ខេត្តព្រះសីហនុ។

យោងតាមកិច្ចប្រជុំ បញ្ហាប្រឈមរបស់អគ្គិសនីកម្ពុជា ខេត្តព្រះ​សីហនុ រួមមាន៖បង្គោល LV-9m ចំរុះ ចំនួន ៦៩២ដើម, បង្គោល MV-12mចំរុះ ចំនួន ៦១៣ដើម, បង្គោល MV-14m ចំរុះ ចំនួន ២៥០ដើម, ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ, ខ្សែបណ្តាញកប់ដី LV ប្រវែង ៤៥០ម៉ែត្រ, ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ, ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ, Load Breaking Switch ចំនួន ១៨គ្រឿង, Auto Recloser ចំនួន ១១គ្រឿង, តំណចុងកាប្លិ៍ ចំនួន ១២២តំណ, ត្រង់ស្វូរលើបង្គោល ចំនួន ១៧៦គ្រឿង, ទូរចល័តចំនួន ២៧គ្រឿង, បន្ទប់ភ្លើង ចំនួន ០៩ខ្នង និងប្រអប់នាឡិកាស្ទង់ ចំនួន ១,៤៧៩ប្រអប់។

ថ្លែងក្នុងកិច្ចប្រជុំកាលពីព្រឹកមិញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យក្រុមហ៊ុន សាងសង់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវដាក់មន្ត្រីបច្ចេកទេសប្រចាំការ​នៅតាមការដ្ឋាន នានា ដើម្បីដោះស្រាយផលប៉ះពាល់​បានទាន់ពេលវេលា និងត្រូវរួមគ្នាដោះជាកញ្ចប់ទើបការងារ ស្ថាបនាផ្លូវប្រព្រឹត្តិទៅរលូនតាមការគ្រោងទុក។

ឯកឧត្តម គួច ចំរើន បានស្នើដល់ក្រុមហ៊ុនទាំង៨ ផ្តល់លទ្ធផលសិក្សា​វាស់វែងឲ្យបានលឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និងមន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការបានទាន់ពេលវេលា, ចុះស្រង់ រកទីតាំងថ្មីបន្ទប់ភ្លើងចំនួន ០៨ តាមនិយាកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ, ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយ​បន្ទាន់ និងពិនិត្យបង្គោលជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះ​ពាល់​ដល់​ក្រុមការ​ងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ បានលឿន ព្រោះ​ការ​ស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខ ជាគោលដៅ​ទេសចរ សម្រាប់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ​មកលេងកម្សាន្តខេត្តព្រះសីហនុ៕
(SWIFT NEWS ឡុក សំរិត)
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង