សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវប្រណិតទាំង៣៤ខ្សែ នឹងធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទំនើប

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ផ្លូវចំនួន ៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើលើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ អោយទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន បានបង្ហាញនូវក្តីសប្បាយរីករាយដែលបានអញ្ជើញបើកការដ្ឋាសាងសង់ផ្លូវផ្លូវចំនួន៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃនេះ។

នៅព្រឹកនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីសោកនាដកម្មនៃខេត្តព្រះសីហនុដែលទទួលរងការបាក់ធ្លាក់រលំអគារកម្ពស់៧ជាន់កន្លងទៅក្នុងឆ្នាំ ២០១៩ ថ្មីៗនេះ ដែលបានធ្វើឲ្យពលរដ្ឋស្លាប់ និងរងរបួសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានការសោកស្តាយយ៉ាងខ្លាំងក្នុងសោកនាដកម្មនោះ ដែលពេលនោះ សម្តេចតេជោ បានអញ្ជើញមកជួយសង្គ្រោះដល់ជនគ្រោះចំនួន ២ នាក់ចុងក្រោយដែលជាប់នៅបាតក្រោមគំនរអគារបាក់នោះផងដែរ។

ទាក់ទងនឹងការកសាងផ្លូវនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយសារតែបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ គឺមិនអាចប្រើប្រាស់បន្តទៀតបាន ដូច្នេះហើយទើបយើងត្រូវចាប់ផ្តើមកសាងឡើងវិញទាំងអស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់ក្រុងដែលកំពុងមានសក្តានុពល។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» ដោយប្រើប្រាស់ថវិការរបស់រដ្ឋតាមមរយៈក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ រួមសហការជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀត និងថវិការបស់ខេត្តព្រះសីហនុផ្ទាល់។ ប៉ុន្តែប្រសិនបើខេត្តមិនអាចមានលទ្ឋភាពរកទុនបានគ្រប់ទេនោះ គឺរាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាទាំងអស់តែម្តង។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ $២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណិត ដោយចែកចេញជា៣ប្រភេទ គឺ១)ប្រភេទមហាវិថី , ២)វិថី និង ៣)អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ, ចំពោះវិថីវិញគឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាពតាមដងផ្លូវផងដែរ។ ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រគម្រោងអភិវឌ្ឍក្រុងព្រះសីហនុ ដែលគម្រោងអភិវឌ្ឍន៍ទាំងអស់នេះ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិផង និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ហើយក៏បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ខ្សែនេះ និងអញ្ជើញផ្តល់អំណោយអនុស្សាវរីយ៍ដល់លោកយាយ លោកតា សិស្សានុសិស្ស និងអាជ្ញាធរខេត្តព្រះសីហនុ ក្នុងបរិយាកាសសប្បាយរីករាយ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ជាផ្លូវការចាប់ពីពេលនេះតទៅ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង