ប.ស.ស. គ្រោងនឹងដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការដាក់ឱ្យដំណើរការ «របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ» នាព្រឹកមិញនេះ បានថ្លែងឱ្យដឹងថា ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះប្រជាជន ដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមក ដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារកាន់តែមានការកើនឡើង ជាហេតុធ្វើឱ្យជីវភាពគ្រួសារ នៃប្រជាជនកម្ពុជាកាន់តែឆ្លាក់ចុះ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ គោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦២០២៥ ក្នុងនោះ គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម នៅកម្ពុជាក៏ត្រូវបានយកចិត្តទុកដាក់ និងជំរុញឱ្យមានការកែលម្អកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅដល់ការជំរុញការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបងប្អូនកម្មករនិយោជិត។

ឯកឧត្តមប្រតិភូបានបន្តទៀតថា ដើម្បីឱ្យរបបសន្តិសុខសង្គមដ៏ល្អមួយនេះ អាចគ្របដណ្តប់បានទូលំទូលាយ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ដែលរួមមាន១១ជំពូក និង១០៧មាត្រា ដោយបានប្បញ្ញត្តិអំពីតួនាទីភារកិច្ចច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប... និងក្រុមប្រឹក្សាធនាភិបាល ដែលជាអង្គភាពវិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា និងជាពិសេសគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ដែលរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។

កន្លងមកបេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងថែទាំសុខភាពរួចមកហើយ របបទាំងពីរនេះក៏បានជួយសម្រាលបន្ទុកយ៉ាងច្រើនដល់ និយោជិតនៃវិស័យឯកជន ក៏ដូចជាមន្រី្តរាជការនៅពេលជួបប្រទះហានិភ័យផ្សេងៗ កើតឡើងជាយថាហេតុកន្លងមក។ ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកនៃ ប... កន្លងមក និងដោយសារមានការទុកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប... គ្រោងនឹងដាក់ឱ្យដំណើរការរបបប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ នៅកម្ពុជា នាដើមឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត នៅពេលចាស់ជរា និងខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល។

គួររំលឹកផងដែរថា បើយោងតាមរបាយការណ៍ នៃការសិក្សាស្រាវជ្រាវមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានចង្អុលបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជាប្រមាណ៦,៥ភាគរយ ដែលមានអាយុលើសពី៦០ឆ្នាំ។ ដោយទិន្នន័យក្នុងពេលបច្ចុប្បន្ននេះ ក្រុមប្រជាជន ដែលមានអាយុចាប់ពី០ដល់១៤ឆ្នាំ មានចំនួន៥លាននាក់, ក្រុមប្រជាជន ដែលមានអាយុចាប់ពី១៥ ដល់៥៤ឆ្នាំ មានចំនួនប្រមាណជាង៩លាននាក់ និងក្រុមប្រជាជន ដែលមានអាយុចាប់ពី៥៥ឆ្នាំ ឡើងទៅមានចំនួនប្រមាណជាង១លាននាក់ ដែលសមាមាត្រនេះ ត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ២៤ភាគរយ ប្រហែលជាជាង៧លាននាក់ នាឆ្នាំ២០៦៨ ក្នុងរយៈពេល៥០ឆ្នាំខាងមុខ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ទៀតថា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នេះគឺជាពេលវេលាដ៏ស័ក្តសមបំផុតក្នុងការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននៅកម្ពុជា ដើម្បីទប់ស្កាត់នូវបញ្ហាប្រឈមដោយសារអត្រាមនុស្សចាស់កើនឡើងក្នុងរយៈពេល៥០ឆ្នាំ ខាងមុខ ហើយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ក៏នឹងជួយទំនុកបម្រុងជីវភាពប្រជាជនពេលចាស់ជរាខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល ព្រមទាំងកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារ និងទម្លាប់ចិញ្ចឹមតគ្នា ឪពុកម្តាយមានកាតព្វកិច្ចចិញ្ចឹមកូន រីឯកូនមានករណីកិច្ចចិញ្ចឹមឪពុកម្តាយវិញពេលចាស់ជរា

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់គ្នា អស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់នឹងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធនសម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ប្រព្រឹត្តទៅនៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (...) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពី តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័នអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង១០០នាក់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង