តុលាការបិទការស៊ើបសួរសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា និងគ្រោងបញ្ជូនទៅជំនុំជម្រះ

(ភ្នំពេញ)៖ លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹង ឬជូនព័ត៌មាន ស្តីពី ការបិតការស៊ើបសួរ សំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។

សេចក្តីជូនដំណឹងរបស់ លោក គី ឬទ្ធី បានបញ្ជាក់ថា ការបិទការស៊ើបសួរសំណុំរឿងនេះ ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នោះយើងបានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ដោយមានលក្ខខណ្ឌចំនួន ៣ចំណុច៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

គួររម្លឹក លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី៕
(SWIFT NEWS ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង