មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ប្រកាស​ចាត់វិធានការ​បោសសំអាត​ទីលំនៅ​មិន​ស្របច្បាប់ ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ចាប់ពី​ថ្ងៃទី​១១-១៨​វិច្ឆិកា ឆ្នាំ​២០១៩

(​ខេត្តពោធិ៍សាត់​)៖ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការចាត់វិធានការ​រ​ដ្ឋ​បាល​បោសសំអាត​ទីតាំង​ទីលំនៅ​មិន​ស្របច្បាប់ ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ស្ទឹង​ថ្មី នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​។ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានប្រកាស​ទុកពេល ៧​ថ្ងៃ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ៣១​គ្រួសារ រុះរើ​ក្រោលគោ ពពែ ខ្ទម ផ្ទះ ៣៥​ខ្នង បង្គោលរបង និង​ដំណាំ​ផ្សេងៗ យកទៅ​សាងសង់​នៅ​ទីតាំង​ផ្សេង​ដោយ​ខ្លួនឯង ចាប់ពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​កំណត់​។​

​មន្ទីរ​បរិស្ថាន ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា ដល់​ថ្ងៃ​ផុតកំណត់ ក្នុង​សេចក្តីជូនដំណឹង​នេះ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ នឹង​ចាត់វិធានការ​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់ និង​ការខូចខាត​ផ្សេងៗ​នោះទេ ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​រឹងរូស ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​

​មន្ទីរ​បរិស្ថាន ខេត្តពោធិ៍សាត់ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា ប្រជាពលរដ្ឋ​ទាំង ៣១​គ្រួសារ បាន​តាំង​ទីលំនៅ និង​កាប់​គាស់​រុករាន ឈូសឆាយ​ដីព្រៃ ព្រមទាំង​បោះបង្គោល​របង​ហ៊ុំព័ទ្ធ​ដី ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ស្ទឹង​ថ្មី នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​។ ទីតាំង​ដែល​ប្រជាពលរដ្ឋ មក​តាំង​ទីលំនៅ​នេះ គឺជា​ដី​ក្នុង​ព្រះរាជក្រឹត្យ ដែលមាន​ក្រសួងបរិស្ថាន​ជា​សមត្ថកិច្ច​គ្រប់គ្រង និង​បាន​បង្កើតជា​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ដើម្បី​ថែរក្សា ដូចនេះ ការ​មក​តាំងទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ទាំង ៣១​គ្រួសារ​នេះ ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ទាំងស្រុង​។ កន្លងមក មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ៣១​គ្រួសារ​នេះ រុះរើ និង​ទៅ​តាំង​ទីលំនៅ​កន្លែង​ផ្សេង​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។

​ដូចនេះ ដើម្បី​ថែរក្សា​ព្រៃឈើ និង​ដី​សហគមន៍​តំបន់ការពារធម្មជាតិ ដែលជា​ប្រភពធនធាន​ធម្មជាតិ​ដ៏​សំខាន់បំផុត សម្រាប់​បម្រើ​ដល់​ជីវភាព​សមាជិក​សហគម​ន៍ និង​ប្រជាពលរដ្ឋ ក្នុងស្រុក​វាលវែង​ទាំងមូល មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ នឹង​ចាត់វិធានការ​រដ្ឋបាល​បោសសំអាត​ទីលំនៅ មិន​ស្របច្បាប់ ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ស្ទឹង​ថ្មី ដោយ​ទុក​រយៈពេល ៧​ថ្ងៃ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៣១​គ្រួសារ ធ្វើការ​រុះរើ​ក្រោលគោ ពពែ ខ្ទម ផ្ទះ ៣៥​ខ្នង បង្គោលរបង និង​ដំណាំ​ផ្សេងៗ យកទៅ​សាងសង់​នៅ​ទីតាំង​ផ្សេង ដោយ​ខ្លួនឯង ចាប់ពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​កំណត់​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង