TOP NEWS: រដ្ឋាភិបាលឥណ្ឌូនេស៊ី ហាមមិនឲ្យ សម រង្ស៊ី ឡើងយន្តហោះទៅកាន់ទីក្រុងហ្សាការតា

(កូឡាឡាំពួរ)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានហាមមិនឲ្យទណ្ឌិត សម រង្ស៊ី ឡើងយន្តហោះ ពីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីឡើយ ព្រោះមិនចង់ឲ្យជននេះជាន់ទឹកដីរបស់ខ្លួន។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ចេញពីក្រុងកូឡាឡាំពួរ នៅមុននេះបន្តិច បានឲ្យដឹងថា «តាមសំណើរហាមប្រាមពីសំណាក់អាជ្ញាធរឥណ្ឌូនេស៊ី ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានហាមមិនឲ្យទណ្ឌិត សម រង្ស៊ី ឡើងជិះយន្តហោះរបស់ខ្លួនសំដៅទៅក្រុងហ្សាការតា»។

កាលពីព្រឹកថ្ងៃទី១៣​​​ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានសេចក្តីរាយការណ៍ថា ទណ្ឌិត សម រង្ស៊ី និងលោកស្រី មូរ សុខហួរ បាននាំគ្នាចាកចេញពីម៉ាឡេស៊ី យ៉ាងសោះអង្គើយ និងបរាជ័យយ៉ាងអាម៉ាស់ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា ពួកគេធ្វើដំណើរផ្សងព្រេងទៅទីណាពិតប្រាកដឡើយ។

យោងតាមសេចក្តីរាយការណ៍បឋម ដែល Swift News ទើបទទួលបានជាមួយនឹងរូបថត បង្ហាញពីដំណើរចាកចេញពីព្រលានយន្តហោះកូឡាឡាំពួរ បានឲ្យដឹងថា ជនបរាជ័យទាំងពីរនាក់នេះ មានទឹកមុខសោះកក្រោះ​​​ ហើយមិនមានអ្នកកាសែត ឬអ្នកហែហមជូនដំណើរឡើយ។

សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា​​​​​​ ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើដំណើរពីប្រទេសបារាំង មកកាន់ប្រទេសម៉ាឡេស៊ី គឺមិនទទួលជ័យជម្នះអ្វីឡើយ ក្រៅតែពីការនិយាយច្រំដែលៗ នៅចំពោះមុខអ្នកសារព័ត៌មានមួយចំនួន ជាពិសេស នៅចំពោះមុខអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។

ចំណែកប្រភពច្បាស់ការណ៍ បានឲ្យ Swift News ដឹងថា ទណ្ឌិត សម រង្ស៊ី ដែលពឹងពាក់ឲ្យក្រុមបក្សប្រឆាំងម៉ាឡេស៊ី សរសេរលិខិតអញ្ជើញខ្លួនមកកាន់ក្រុងកូឡាឡាំពួរ ដើម្បីជាលេសតតាំងនូវដង្ហើមចុងក្រោយ បន្ទាប់ពីផែនការ ៩ វិច្ឆិកា ត្រូវបរាជ័យ ហើយក៏ជាលេសសម្រាប់បោកសកម្មជនរបស់ខ្លួន ដែលនៅទីបំផុតបានត្រឹមតែផ្តល់ការសម្ភាសន៍ជាមួយវិទ្យុផ្កាប់មុខ អាស៊ីសេរី និងសម្តែងនៅមុខកាមេរ៉ាទូរទស្សន៍មួយចំនួនតែប៉ុណ្ណោះ។

ប្រភពដដែលបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មិនមានសេចក្តីក្លាហានសូម្បីតែបន្តិច ដើម្បីធ្វើដំណើរវិលត្រឡប់មកកម្ពុជាទេ តែផ្ទុយទៅវិញ ក៏សម្រេចចិត្តនាំគ្នាចាកចេញពីម៉ាឡេស៊ី ដោយនាំយកទៅជាមួយនូវក្តីអាម៉ាស់​​​ ដែលមិនអាចបំភ្លេចបាន។

តាមវិភាគនយោបាយ​​​កម្ពុជា បានលើកឡើងថា នេះពិតជាមហាអាម៉ាសសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលត្រូវរដ្ឋាភិបាលឥណ្ឌូនេស៊ី ចេញបម្រាមបែបនេះ បន្ទាប់ពីបរាជ័យក្នុងការធ្វើដំណើរ​ពី​ប្រទេស​បារាំង មក​កម្ពុជា ដើម្បី​ដឹកនាំ​រដ្ឋប្រហារ តាម​អ្វីដែល​មេ​ឧទ្ទាម​នេះ ប្រកាសថា ធ្វើឡើង​តាមរយៈ​អំណាច​ប្រជាជន​ ដោយសារ កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសមិន​អនុញ្ញាត​ឲ្យ​ទណ្ឌិតរូបនេះចូល និង​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​។

ចំណែក លោកស្រី មូរ​​​ សុខហួរ កាលពីព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រូវបាននគរបាលអន្តោប្រវេសន៍​ម៉ាឡេស៊ីឃាត់ខ្លួន​ ក្រោយពីបាន​គេច​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ឥណ្ឌូនេស៊ី ចាប់ខ្លួន​ បន្ទាប់ពីគេដេញរម៉ាំងរម៉ោក មិនឲ្យចូលទឹកដីថៃ។

ក្រោយមកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោកកំពុងត្រៀមបណ្តេញលោកស្រី មូរ សុខហួរ ទៅកាន់ប្រទេសទី៣ ណាមួយ នាពេលឆាប់ៗនេះ៕

Swift News ផាន់ អាណា

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង