TOP NEWS: ​រាជរដ្ឋាភិបាលប្រកាសថា ​ផែនការរបស់មេឧទ្ទាម ​សម រង្ស៉ី ​ទទួលបរាជ័យ​ទាំងស្រុង​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ប្រកាស​ថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានទទួលបរាជ័យទាំងស្រុង។

ក្នុងសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ នាពេលកន្លងទៅថ្មីៗនេះក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួប​អនុស្សា​រីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។

រាជរដ្ឋាភិបាលមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំ ដោយទណ្ឌិត សម រង្ស៉ី នេះបានទទួលបរាជ័យទាំងស្រុងហើយ​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ ​ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមអបអរសាទរការ ប្រារព្ធ ខួបអនុស្សាវរីយ៍លើក​ទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករចំពោះភាពរអាក់រអួលខ្លះៗ ក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងមកនេះដោយសារការរឹតបន្ដឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាម និងដើម្បីធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំផ្លាញ​ចោលទាំងស្រុងនូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង