សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ថៃ ប៊ុន​រ៉ុង នៅ​ខេត្តកំពត​

(​ភ្នំពេញ​)៖ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ថៃ ប៊ុន​រ៉ុង នៅ​ខេត្តកំពត បើកសម្ពោធ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ថៃ ប៊ុន​រ៉ុង ដែលមាន​តម្លៃ ១១០​លាន​ដុល្លារ បើកសម្ពោធ​នា​ព្រឹក​នេះ ជា​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ទី​៥ នៅ​កម្ពុជា​។​

​របាយការណ៍​បង្ហាញថា រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នេះ ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្តកំពត សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត ៧០០​ហិកតា បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំ​នើ​ប ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍ បាន​ប្រមាណ ២៥០០​តោន ក្នុង​មួយថ្ងៃ ស្មើនឹង​ជិត ១​លាន​តោន ក្នុង​មួយឆ្នាំ​។​

​របាយការណ៍​បន្ថែមថា រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នេះ អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍​ដល់​បុគ្គលិក​ប្រមាណ ៣៣៥​នាក់ ក្នុងនោះ មាន​ជនជាតិ​បរទេស​ប្រមាណ ៣៥​នាក់​។ ក្រុមហ៊ុន ត្រូវ​បង់ថ្លៃ​សួ​សារ​ថ្មកំបោរ ចូល​រដ្ឋ​ប្រមាណ ៦៨​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ ដោយ​មិនទាន់​គិត​ប្រាក់ចំណូល​ពន្ធអាករ និង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​នោះឡើយ​។​

​អគ្គនាយក​ដា្ឋ​ន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន កម្ពុ​ជាមាន​រោងចក្រ​ស៊ីម៉ង់ត៍​ចំនួន​៥ រាប់ទាំង​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុន​រ៉ុង ដែល​អាច​ផលិត​ស៊ីម៉ង់ត៍ បាន​ជិត ៨​លាន​តោន ក្នុង​មួយឆ្នាំ​។ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ទាំង ៥​នេះ រួមមាន​៖

១៖ រោងចក្រ​ស៊ីម៉ង់ត៍​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន ក្នុង​មួយឆ្នាំ​។​

២៖ រោងចក្រ​ស៊ីម៉ងត៍ កម្ពុជា ចក្រី​ទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១​លាន​តោន ក្នុង​មួយឆ្នាំ​។​

៣៖ រោងចក្រ​ស៊ីម៉ង់ត៍ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​ស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន ក្នុង​មួយឆ្នាំ​។​

៤៖ រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត មាន​ទីតាំង​ស្ថិតនៅ​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន​ជិត ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

៥៖ រោងចក្រ​ស៊ីម៉ង់ត៍​ថៃ​ប៊ុន​រ៉ុង ស្ថិតនៅ​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន​ជិត ១​លាន​តោន ក្នុង​មួយឆ្នាំ​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង