ថ្នាក់ដឹកនាំ ស.ស.យ.ក ជួបសំណេះសំណាលដើម្បីអរគុណ បងប្អូនអ្នកសម្អាតទីធ្លាសាធារណៈ ពេលបុណ្យអុំទូក

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះបងប្អូនអ្នកសម្អាតទីធ្លាសាធារណៈចន្លោះម៉ោង ១២យប់ ដល់ម៉ោង ៧ព្រឹក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ការជួបសំណេះសំណាល និងថ្លែងអំណរគុណ នេះត្រូវបានធ្វើឡើងចំនួន ៣ទីតាំង រួមមាន៖ ទីតាំងទី១ នៅខាងមុខសួនវត្តបុទុមវត្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក, ទីតាំងទី២ នៅសួនច្បារមុខរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. និងទីតាំងទី៣ នៅសួនច្បារក្បែរសណ្ឋាគារសុខា ដែលដឹកនាំដោយ លោកជំទាវ ដាំ ដារិនី អនុប្រធាន ស.ស.យ.ក.។

មានប្រសាសន៍នៅក្នុងកម្មវិធីជួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំរបស់ ស.ស.យ.ក. ក្នុងនាមជាតំណាងឲ្យពលរដ្ឋខ្មែរទាំងអស់ សូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានលះបង់ពេលវេលាទាំងយប់ដើម្បីសម្អាតទីតាំងផ្សេងៗ ក្នុងព្រះរាជពិធី ហើយបានញ៉ាំងឲ្យការកំសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយភាពសប្បាយរីករាយ ក្នុងបរិយាកាសស្រស់ស្អាត និងគ្មានសំរាមពាសវាលពាសកាល។

ថ្នាក់ដឹកនាំ ស.ស.យ.ក សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមមិនធ្វើអោយមានសំរាម ក្នុងស្មារតីតិចៗពីគ្រប់គ្នា ដើម្បីកម្ពុជាគ្មានសំរាមរាយប៉ាយ។

ឆ្លៀតក្នុងឱកាសនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានបំពេញភារកិច្ចថែរក្សាសុខសុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរ ហើយបង្កើតបាននូវអនុស្សាវរីយ៍ប្រកបដោយភាពសប្បាយរីករាយសម្រាប់ព្រះរាជពិធីទាំងបីថ្ងៃ៕
(SWIFT NEWS ឡុក សំរិត)
ប្រភព៖ ស.ស.យ.ក

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង