ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ឆ្លើយតបនឹងលោកស្រី រ៉ូណា ស្មីត ជុំវិញករណីលោក កឹម សុខា
(ភ្នំពេញ)៖ ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីប្រកាសព័ត៌មាន ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត ( Rhona Smith ) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា របស់អង្គការសហប្រជាជាតិ ជុំវិញករណីរបស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។
នោះគឺលោកស្រី រ៉ូណា ស្មីត បានបន្តទាមទារឲ្យតុលាការ បញ្ចប់ការស៊ើបអង្កេតករណីលោកកឹមសុខា ព្រមទាំងដោះលែងលោកកឹមសុខា និងសកម្មជននយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យពួកគេ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។
ក៏ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចាត់ទុក ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ថាជាការបន្តទាមទារដោយគ្មានមូលដ្ឋាន សម្រាប់បុគ្គល ដែលកំពុងមានជម្លោះផ្លូវច្បាប់ បើទោះជាមានការវិវឌ្ឍជាវិជ្ជមានក្តី។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានគូសបញ្ជាក់ថា «ការទាមទាររបស់អ្នករាយការណ៍ពិសេសឲ្យតុលាការបញ្ចប់ការស៊ើបអង្កេតឲ្យបានឆាប់ ឬទម្លាក់បទចោទ មានន័យស្មើនឹងការជ្រៀតជ្រែក ចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ ការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ មានចែងក្នុងមាត្រា៥១ មាត្រា១២៨ និងមាត្រា១៣០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពបែបនេះ ពុំមានអំណោយផលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់នៅកម្ពុជាឡើយ»។
សេចក្តីថ្លែងការណ៍ដដែល បន្តថា «ការកែសម្រួលលើលក្ខខណ្ឌមួយចំនួនៃការត្រួតពិនិត្យរបស់តុលាការចំពោះលោក កឹម សុខា គឺជាលទ្ធផលដែលកើតចេញពីការគោរពកាតព្វកិច្ចតុលាការនាពេលកន្លងមក និងឈរលើមូលដ្ឋានមនុស្សធម៌ ពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់គាត់។ ទោះជាយ៉ាងណា លោក កឹម សុខា នឹងត្រូវទទួលបានការជំនុំជម្រះប្រកបដោយភាពយុត្តិធម៌ បន្ទាប់ពីការស៊ើបអង្កេត ត្រូវបានបញ្ចប់តាមនីតិវិធី។
ឯកឧត្តម អាន សុខខឿន បានចាត់ទុកសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ថានៅតែបន្តធ្វើឲ្យមានការភ័ន្តច្រឡំ ពីត្រូវ មកខុស។ ស្ថានបេសកកម្មកម្ពុជា ក៏សូមក្រើនរំឭកអ្នករាយការណ៍ពិសេសថា អាណត្តិរបស់អ្នករាយការណ៍ គឺជួយកម្ពុជា នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍អព្យាក្រឹត្យ មិនលម្អៀង សត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនបំផ្លែងទៅជារឿងនយោបាយ។ អ្នករាយការណ៍ពិសេស ពុំមែនជាចៅក្រម ដែលមានអំណាចកាត់សេចក្តីឲ្យដោះលែងជនណាម្នាក់ឡើយ៕

