សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ គឺបានទាក់ទាញប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រេីនកុះករ

(ភ្នំពេញ) ៖ នៅរាត្រីបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងប្រទានរង្វាន់ដល់កីឡាករអុំទូក នៅថ្ងៃចុងក្រោយ នាមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមផេកហ្វេសប៊ុកថា នៅថ្ងៃចុងបញ្ចប់នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រទានរង្វាន់ដល់កីឡាករអុំទូក ដែលទទួលបានជ័យជម្នះ ក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។

សម្តេចតេជោយករដ្ឋមន្ត្រី បានសរសេរថា «ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ គឺបានទាក់ទាញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រេីនកុះករ។ ទន្ទឹមនឹងនេះដែរ គឺបានបង្ហាញឲ្យកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិយើងផងដែរ»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេស និងអរគុណអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានចូលរួមពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យដ៏មហោឡាឫក្សនេះ។

ស្របគ្នា ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានកម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទីបីនេះ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង