ពិតជា​មិន​សរសើរ មិនបាន​! ក្រុមយុវជន ស​.​ស​.​យ​.​ក រើស វេច​ខ្ចប់​សំរាម តាម​មាត់ទន្លេ សូម្បីតែ​នៅក្នុង​ធុងសំរាម ក៏​ចង​ខ្ចប់ គ្មាន​សល់​!

(​ភ្នំពេញ​)៖ ពិតជា​សកម្មភាព ដែល​មហាជន​ទូទៅ មិនអាច មិន​សរសើរ មិនបាន​មែន​! នោះ​គឺ​ក្រុមយុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក រាប់រយ​នាក់ បានធ្វើ​សកម្មភាព​ទាំងយប់ ទាំង​ថ្ងៃ ដើរ​រើស​សំរាម តាមផ្លូវ និង​នៅតាម​ធុងសំរាម ច្រកចូល​កា​រ៉ុង ចង វេច​ខ្ចប់​យ៉ាង​មាន​សណ្តាប់ធ្នាប់​។ ក្រុមយុវជន ស​.​ស​.​យ​.​ក ក៏បាន​ចែក​កា​រ៉ុង ដល់​អ្នកលក់ដូរ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឲ្យ​ទុកដាក់​សំរាម​ផងដែរ​។​

​នៅតាម​ផ្លូវ តាម​ច្រាំងទន្លេ ដែល​ឆ្នាំកន្លងមក តែងតែមាន​សំរាម​ពាសវាល​ពាសកាល នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ មិន​ថា ថ្ងៃ ឬ​មិន​ថា​យប់​ទេ គឺ​តាមផ្លូវ តាម​សួនច្បារ និង​តាម​ច្រាំងទន្លេ ព្រមទាំង​នៅក្នុង​ទឹក គឺ​មិនមាន​សំរាម សំបក​ដប​ទឹក​សុទ្ធ​ទៀតឡើយ​។ នោះ​គឺ​មកពី​ក្រុមយុវជន​ស​.​ស​.​យ​.​ក រួមទាំង​កម្លាំង​យុវជន​ស្ម័គ្រចិត្ត សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ក៏ដូចជា​ក្រុមហ៊ុន​ស៊ិន​ទ្រី ដើរ​រើស ប្រមូល និង​ដឹកជញ្ជូន​កាកសំណល់​ទាំងនោះ ទាំងយប់ ទាំង​ថ្ងៃ​។​

​ទាំងអស់នេះ ពិតជា​សកម្មភាព ដែល​មិនអាច មិន​សរសើរ មិនបាន​ឡើយ​។ ធុងសំរាម ក៏ត្រូវ​បានដាក់​ពង្រាយ​តាម​សួនច្បារ តាមផ្លូវ ហើយ​នៅពេល​សំរាម​ពេញ​ធុង ក្រោម​យុវជន​យើង ក៏បាន​ចាក់​ចូល​កា​រ៉ុង ចង​មាត់ ទុកដាក់​សំរាម យ៉ាង​មាន​របៀបរៀបរយ​។

​សូម​ស្មារតី​របស់​យុវជន​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា បន្ត​សហការគ្នា ដើម្បី​បរិស្ថាន​ស្អាត​ល្អ ហើយ​ជាពិសេស​ប្រទេស​យើង គ្មាន​សំរាម រាយប៉ាយ​តទៅទៀត​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង