ក្រសួងបរិស្ថាន៖ ពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមកាន់តែច្រើនឡើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកដើរកម្សាន្ត និងចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយដងទន្លេសាប មុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ មានការចូលរួមលើការសំអាតអនាម័យបរិស្ថានបានល្អ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមចំនួន១.៥៥៦ធុង ចាប់តាំងតែពីតំបន់វត្តភ្នំ រហូតដល់មុខវិមានឯករាជ្យ,តំបន់កោះពេជ្រ និងសូម្បីតែតំបន់មុខព្រះបរមវាំងត្រើយខាងកើត ដើម្បីចូលរួមពង្រឹងការសំអាតអនាម័យបរិស្ថាន ជាមួយប្រជាពលរដ្ឋ ដែលចូលមកកម្សាន្តក្នុងពិធីបុណ្យអុំទូកទុកដាក់សំរាមបានត្រឹមត្រូវ ចៀសវាងចោលពាសវាលកាល។

សាលារាជធានីភ្នំពេញ បានប្រើកម្លាំងប្រមូលសំរាមចំនួនជាង៩០០នាក់ និងក្រៅពីនេះនៅមានយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ផ្សេងទៀត បានចូលរួមចូលរួមសំអាតអនាម័យបរិស្ថាន និងអប់រំផ្សព្វផ្សាយលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវសម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជារួមក្រុមយុវជនទីក្រុងស្អាត បានបង្កើតស្តង់ចំនួន៤កន្លែងសម្រាប់ការធ្វើយុទ្ធនាការអប់រំប្រជាពលរដ្ឋពីការទុកដាក់សម្រាប់ឲ្យបានត្រឹមត្រូវក្នុងធុងសំរាមនិងជាបណ្តុះផ្នត់គំនិតប្រជាពលរដ្ឋ និងយុវជនពីការចូលរួមថែរក្សាបរិស្ថានស្អាត។

បើតាម លោក ហូ ឆៃងន់ ប្រធានគម្រោងក្រៀលកម្ពុជា បានលើកឡើងថា ក្រុមយុវជនប្រមាណ១ពាន់នាក់មកពី «គម្រោងក្រៀលកម្ពុជា» បានស្ម័គ្រចិត្តចូលរួមសម្អាតអនាម័យក្នុងបរិវេណដែលប្រារព្ធពិធីបុណ្យ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត ទីលានបៃតង និងផ្តល់នូវផាសុកភាពជូនដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរផងដែរ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង