នៅថ្ងៃទី១២វិច្ឆិកានេះ លោក កឹម សុខា ជួបទូតអាល្លឺម៉ង់ និងអូស្ត្រាលី
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ បន្តជួបឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ នៅម៉ោង ០៩:៣០ ព្រឹក និងនៅម៉ោង ១៣:៣០ រសៀល ជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា។ កិច្ចប្រជុំដាច់ដោយឡែកពីគ្នានេះ ធ្វើឡើងនៅគេហដ្ឋានរបស់លោកកឹមសុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីកិច្ចប្រជុំប្រមាណ ២ម៉ោង នៅព្រឹកថ្ងៃទី១២វិច្ឆិកានេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងលោកកឹមសុខា មិនបានថ្លែងអ្វីមួយម៉ាត់ ទៅកាន់ក្រុមអ្នកកាសែតឡើយ។
ប៉ុន្តែលោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោកកឹមសុខា បានប្រាប់អ្នកកាសែតថា «ជំនួបនេះ គឺមិនខុសគ្នាពីជំនួបមុនៗទេ គឺឯកអគ្គរដ្ឋទូត លោកបានមកសម្តែងនូវការសួរសុខទុក្ខ ក៏ដូចជាពិភាក្សាអំពីបញ្ហាសុខភាព ពីព្រោះប្អូនឃើញនៅក្នុងសេចក្តីសម្រេចរបស់តុលាការ ការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យត្រួតពិនិត្យក្រោមផ្លូវតុលាការហ្នឹង គឺផ្អែកទៅលើបញ្ហាសុខភាព។ អីចឹងហើយ បានជជែកគ្នាអំពីបញ្ហាសុខភាពរបស់ឯកឧត្តម កឹម សុខា ថាតើគាត់មានសុខភាពយ៉ាងម៉េចហើយ? ថាតើគាត់ត្រូវការបន្តការព្យាបាលយ៉ាងម៉េច? អីចឹងគឺគាត់បានផ្លាស់ប្តូរយោបល់គ្នា សម្តែងមនោសញ្ចេតនាជាមួយគ្នា ហើយក៏បានជជែកជាមួយគ្នា អំពីបញ្ហាប្រជាធិបតេយ្យនៅប្រទេសកម្ពុជា រួមគ្នាកសាងប្រជាធិបតេយ្យទៅមុខទៀត និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ»។
សូមរម្លឹកថា កាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៩ លោកកឹមសុខា បានទទួលជួបដាច់ដោយឡែកពីគ្នា ជាមួយឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា។
លោក កឹម សុខា ទទួលបានជួបឯកអគ្គរដ្ឋទូត ជាបន្តបន្ទាប់នេះ បានធ្វើឡើង ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលការឃុំខ្លួនរបស់លោក ដោយលែងឃុំខ្លួននៅតែក្នុងផ្ទះទៀតហើយ។ ប៉ុន្តែតុលការ បានកំណត់ មិនឲ្យលោកកឹមសុខា ធ្វើដំណើរចេញទៅបរទេស និងមិនត្រូវធ្វើសកម្មភាពនយោបាយឡើយ។
ជំនួបរវាងលោកកឹមសុខា និងឯកអគ្គរដ្ឋទូត ជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នានេះ គឺដើម្បីតែសួរសុខទុក្ខលោកកឹមសុខា តែប៉ុណ្ណោះ។
កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ លោក កឹម សុខា អតីតសកម្មជនសិទ្ធិមនុស្ស និងជាអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកងកម្លាំងប្រដាប់អាវុធ ចូលចាប់ខ្លួន នៅក្នុងគេហដ្ឋានរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ តាមរយៈការឃុបឃិតនឹងបរទេស ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយការចាប់ខ្លួន លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។
រហូតដល់យប់ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានផ្ទេរការឃុំខ្លួនចេញពីពន្ធនាគារត្រពាំងផ្លុង មកជាការឃុំឃាំងនៅក្នុងផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវលេខ ៣១៣ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៕

