មហាសង្ឃទានរាប់បាត្រព្រះសង្ឃ ៥០០០អង្គបានប្រារព្ធឡើងក្នុងបរិវេណព្រះលានជល់ដំរី

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីមហាសង្ឃទានដារពិស្តារ៤៩ចប់ រាប់បាត្រព្រះសង្ឃចំនួន៥០០០អង្គក្នុងបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ។

សូមជម្រាបថា កាលរសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះលានជល់ដំរី ក្រុងអង្គរធំដដែលនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ដោយបានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។

ការរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើននៅពេលនេះ គឺដើម្បីបួងសួងដល់អស់ទេវតា វត្ថុស័ក្តិសិទ្ធិ និងបារមីរបស់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គក្នុងតំបន់អង្គរ ឱ្យជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាឱ្យបានជួបភពប្រទះតែសេចក្តីសុខ សន្តិភាព សប្បាយរុងរឿង ពិសេសដើម្បីរំដោះគ្រោះបណ្តាសាឱ្យខ្មែររួចចាកផុតពីគ្រោះកាចចង្រៃ ឈប់ឈ្លោះទាស់ទែងខ្វែងគំនិត បង្កើតសង្គ្រាម ងាកមករួមគ្នាសាងជាតិឱ្យថ្កុំថ្កើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យាងនិងនិមន្តចូលរួមនាពេលនេះមានសម្តេចព្រះសង្ឃរាជ ព្រះសង្ឃចំនួន២៥០០អង្គមកពី៥៩ប្រទេស ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាង២ពាន់នាក់បានអញ្ជើញចូលរួមយ៉ាងអធិកអធម៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង