សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននិងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់នៅលើផេកហ្វេសបុកថា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូក នៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបន្តថា នៅល្ងាចនេះ តាមបណ្តោយសួនច្បារមាត់ទន្លេ គិតចាប់ពីមុខ ផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងព្រះបរមរាជវាំង ក៏ដូចជាសួនច្បារនានាក្នុង មូលដ្ឋានខណ្ឌដូនពេញ ឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងទឹកមុខស្រស់ញញឹមក្នុងព្រះរាជពិធី បុណ្យអុំទូកនេះ។

ស្របគ្នានេះ សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ ត្រូវចូលរួមថែរក្សា អនាម័យ បរិស្ថាន ដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងកាចោលសំរាមពាសវាលពាសកាលដែល ធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង។

សម្តេចតេជោ ក៏បានបញ្ជាក់ទៀតដែរថា ប្រទេសជាតិមានសុខសន្តិភាព ពិធីបុណ្យក៏បានដំណើរការ ដោយរលូនដែលផ្តល់នូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃ៩ វិច្ឆិកា ខួប៦៦ឆ្នាំនៃ បុណ្យឯករាជ្យជាតិ និងទិវាហូបអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ហើយបន្តចូលមកដល់ បុណ្យអុំទូកដែលកំពុងផ្តល់នូវភាពសប្បាយរីករាយដល់ពលរដ្ឋនៅទូទាំងប្រទេស។ ទោះបីជាបែបនេះក្តី សម្តចតេជោហ៊ុន សែន នៅតែបន្តជម្រុញឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តបំពេញតួនាទី ប្រកបដោយទទួលខុសត្រូវខ្ពស់ ក្នុងពិធីបុណ្យ យកចិត្តទុកដាក់ជួយសម្របសម្រួល សណ្តាប់ធ្នាប់ សាធារណៈអោយបានល្អ ដើម្បីបងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែមានឱកាសបាន សប្បាយរីករាយនៅទូទាំងប្រទេស៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង