លោក កឹម សុខា ជួបជាមួយឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា រយៈពេលប្រមាណ១ម៉ោង ដោយជជែកតែពីបញ្ហាសុខភាព
(ភ្នំពេញ)៖ លោក ផែង ហេង មេធាវីការពារសិទ្ធិលោក កឹម សុខា បានមានប្រសាសន៍ប្រាប់ Swift News ថា ជំនួបរវាងលោក កឹម សុខា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា គឺពិភាក្សាតែលើបញ្ហាសុខភាពតែប៉ុណ្ណោះ។
យោងតាមរូបថត ដែល Swift News ទើបតែទទួលបាននៅមុននេះបន្តិច បានឲ្យដឹងថា នៅក្នុងជំនួបនេះ ខាងស្ថានទូតបារាំងមានតែលោកស្រីឯកអគ្គរដ្ឋទូត អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ចំណែកអ្នកអមលោក កឹម សុខា មានភរិយារបស់លោក, លោក មុត ចន្ថា, លោកមេធាវី ផែង ហេង និងលោកស្រីមេធាវី ម៉េង សុភារី។
ក្រោយពីជំនួបបានបញ្ចប់ លោក មុត ចន្ថា បានផ្សាយនៅលើហ្វេសប៊ុករបស់លោកថា «ឯកឧត្តម កឹម សុខា បានថ្លែងអំណរគុណដស់រដ្ឋាភិបាលសាធារណៈបារាំង, ព្រឺទ្ធសភា-រដ្ឋសភា និងលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះការជួយគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងការស្វែងរកដំណោះចំពោះសិទ្ធិសេរីភាពរបស់លោក។
យោងតាមសេចក្តីជូនដំណឹងរបស់លោក មុត ចន្ថា បានឲ្យដឹងថា លោក កឹម សុខា នឹងជួបលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក នៅរសៀលថ្ងៃនេះផងដែរ៕



