សម្តេចតេជោរំលឹកឱ្យអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋឱ្យសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ នៅលើផេកហ្វេសបុកផ្លូវការ។

សម្តេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តប្រកបដោយស្នាមញញឹមរីករាយ បងប្អូនកងកម្លាំងសមត្ថកិច្ច គឺកំពុងតែឈរជេីងការពារ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកផងដែរ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង