ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដុតទៀនជ័យ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធបុព្វបុរសខ្មែរគ្រប់រូប

(ភ្នំពេញ)៖នាវេលាព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដុតទៀនជ័យ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធបុព្វបុរសខ្មែរគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជា នាវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមន្រ្តីរាជការ បណ្តាអង្គទូតនានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនកុះករផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញនូវព្រះរាជបូនីយកិច្ច ក្នុងកាទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។

ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមហាមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាសុីអាគ្នេយ៍ និងជាយុគ្គសម័យមាស នៃប្រវត្តិសាស្រ្តកម្ពុជា។

កូនចៅប្រជានុរាស្រ្តគ្រប់រូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com