លិខិតមិត្តអ្នកអាន៖ នយោបាយយកពលរដ្ឋធ្វើឈ្នាន់ របស់ក្រុម សម រង្ស៊ី បរាជ័យហើយ!

(ភ្នំពេញ)៖ ដូចការទាយទុកមែនទណ្ឌិត សម រង្ស៊ី និងមេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ផ្សេងទៀតដូចជា មូរសុខហួរ និង អេង ឆៃអ៊ាង ជាដើមកំពុងជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួន ដែលចាញ់បោកការលួងលោមឲ្យចេញមុខធ្វើសកម្មភាពខុសច្បាប់ជំនួសខ្លួន ដែលឈរមើលពីចម្ងាយ ហើយមិនហ៊ានអើតក្បាលមកខ្លួនឯងទេ។ 

លោកស្រី មូរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទីដែលគេវាស់ដីឲ្យដើរនោះ បានលួចផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពី យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានប្រើភាសាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ជាពិសេសពលករនៅ ប្រទេសថៃ ឲ្យចេញមុខក្រោកឈរធ្វើចលនាដោយមិនចាំបាច់រង់ចាំមេដឹកនាំចូលរួមទេ។

ពាក្យសម្តីនេះ គឺខុសពីការអះអាង កាលពីមុនដែលថា ទណ្ឌិត សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំខ្មោចបក្សសង្គ្រោះជាតិផ្សេងទៀត នឹងមកដឹកនាំក្បួនផ្ទាល់ចូលកម្ពុជា។

លោកស្រី មូរ សុខហួរ បានខិតខំបញ្ចុះបញ្ចូលអ្នកគាំទ្ររបស់ខ្លួន ដែលជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងអន្ទាក់របស់ខ្លួន ហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ក្នុងផែនការរដ្ឋប្រហារថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានវិទ្យុអាស៊ីសេរីជាអ្នកចាក់ចេកចាក់ស្ករ។

ចំណែកឯទណ្ឌិត សម រង្ស៊ី និង មូរ សុខហួរ ខ្លួនឯងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយ ហើយរង់ចាំមើលពីចម្ងាយ។ នេះបានចំជាអ្នកនយោបាយ ដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីកេងចំណេញនយោបាយលើខ្នងរាស្ត្រដ៏អាក្រក់ និងឃោរឃៅបំផុត។ 

អ្នកនយោបាយបែបនេះ គេហៅថា ជាអ្នកនយោបាយដ៏ថោកទាបបំផុត ដែលរស់ដោយសារជញ្ជក់ឈាម និងទឹកភ្នែករបស់ពលរដ្ឋស្លូតត្រង់ ជាពិសេស គឺសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន។

ប៉ុន្តែ ផែនការវិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០៩ របស់ទណ្ឌិត សម រង្ស៊ី ពិតជាបានបរាជ័យទាំងស្រុងពីព្រោះនៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ ស្ថានការណ៍ នៅប៉ោយប៉ែត មានសភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានអ្វីកើតឡើងទាំងអស់។

មានមូលហេតុ មួយចំនួនដែលអាចបញ្ជាក់ថា ផែនការរបស់ទណ្ឌិត សម រង្ស៊ី បានបរាជ័យ៖ 

មូលហេតុទី១៖ ដោយសារតែមេចលនាឧទ្ទាមខុសច្បាប់ គឺទណ្ឌិត សម រង្ស៊ី និងគូកនមិនអាចឈានជើងចូលទឹកដីថៃបានឡើយ ពីព្រោះអាជ្ញាធរថៃបានបិទរូបថតរបស់ខ្លួន ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ និងមានដីកាចាប់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់។ បើហ៊ានអើតក្បាលច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាជាមិនខាន។ ដូច្នេះ គ្មានអ្វី ដែលយើងត្រូវឆ្ងល់ និងមន្ទិលសង្ស័យទៀតទេព្រោះចលនា ឬសកម្មភាពណាមួយពិតជាមិនអាចសម្រេចបាននោះទេ បើគ្មានមេដឹកនាំ គឺប្រៀបដូចជាសត្វពស់ដែរ បើអត់ក្បាលក៏មិនអាចវារទៅមុខបានដែរ!

បើនិយាយឲ្យខ្លី ផែនការរដ្ឋប្រហារ ៩ វិច្ឆិកានេះ គឺរលាយរលត់ ព្រោះអត់ក្បាលម៉ាស៊ីនដឹកនាំផ្ទាល់ ហើយចង់យកពលរដ្ឋធ្វើជាឈ្នាន់តែប៉ុណ្ណោះ។

បើនិយាយតាមបែបផ្សេង ក្នុងសមរភូមិមួយ បើគ្មានមេដឹកនាំ ឬបើមានមេទ័ពមហាកំសាកដូចទណ្ឌិត សម រង្ស៊ី ប្រាកដជាចាញ់១០០ភាគរយ ពីព្រោះគ្មានកូនទាហានណាហ៊ានចេញមុខច្បាំងនោះឡើយ។

មូលហេតុទី២៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅស្រុកថៃ ភាគច្រើនបំផុតគេបានស្គាល់អស់ហើយក្រយ៉ៅ និងល្បិចបោករបស់ទណ្ឌិត សម រង្ស៊ី និងគូកន ដែលមកលួងលោមពង្វក់ឲ្យពួកគេធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយចេញមុខប្រព្រឹត្តបទល្មើសជំនួសខ្លួន ហើយនៅពេលមានបញ្ហាកើតឡើង ពួកគេជិះយន្តហោះទៅស្រុកបារាំង, សហរដ្ឋអាមេរិក, អូស្ត្រាលី ឬកាណាដា បាត់។ ចំណែកឯអ្នកទទួលទោសជំនួសគឺអ្នកគាំទ្រ ដែលមិនអាចរត់ទៅណាបាន។ ដូច្នេះ អ្នកទាំងនោះក៏លែងបណ្តោយខ្លួនឲ្យចាញ់ទណ្ឌិត សម រង្ស៊ី ទៀតឡើយ។

មូលហេតុទី៣៖ អាជ្ញាធរថៃមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពណាមួយនៅលើទឹកដីរបស់គេដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាកិច្ចសហការណ៍រវាងប្រទេសជិតខាងផង។ ដូច្នេះ ប្រសិនបើហ៊ានប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីមួយច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនជាមិនខាន។ ពលករខ្មែរ ដែលស្នាក់នៅ និងធ្វើការលើទឹកដីថៃប្រាកដជាបានដឹងច្បាស់ពីច្បាប់នៅស្រុកថៃថាតឹងតែងយ៉ាងណា។ ដូច្នេះ ពួកគេមិនចាញ់ការបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី និង មូរ សុខហួរ ឡើយ ហើយបើហ៊ានធ្វើសកម្មភាព គឺពិតជាត្រូវអាជ្ញាធរថៃចាប់ញាត់ទ្រុងជាក់ជាមិនខាន។

មូលហេតុទី៤៖ នៅខាងភាគីកម្ពុជាវិញ សមត្ថកិច្ចក៏បានឈរជើងការពារសន្តិសុខយ៉ាងរឹងមាំដែរ ដោយមិនអនុញ្ញាតឲ្យកម្លាំងខុសច្បាប់ណាមួយមកបំផ្លាញសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបាន ឡើយជាពិសេសក្នុងកំឡុងពេលបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក អកអំបុក សំពះព្រះខែនេះ។ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង សមត្ថកិច្ចនឹងចាត់វិធានការភ្លាមយ៉ាងមានប្រសិទ្ធភាពបំផុត។ 

មូលហេតុទី៥៖ ពលរដ្ឋខ្មែរ នៅក្នុងប្រទេសឯណេះវិញ កំពុងសប្បាយរីករាយ អបអរសាទរទិវា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុក ដែលជាពេលវេលា ដ៏សប្បាយរីករាយធំបំផុតប្រចាំឆ្នាំ។ ដូច្នេះ គ្មានអ្នកណាទៅនឹកនាដល់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលចង់មកបង្កចលាចលសង្គមនោះឡើយ។

សរុបសេចក្តី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺពិតជាគ្មានស្រមោលទណ្ឌិត សម រង្ស៊ី នៅលើទឹកដីកម្ពុជាទេ ហើយក៏គ្មានអ្វីកើតឡើងទាំងអស់ក្រៅតែពីការសប្បាយរីករាយក្រោមដំបូលសន្តិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com