កម្ពុជា ប្រារព្ធ​ខួប ៦៦​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​០៩​វិច្ឆិកា ១៩៥៣- ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ ពិធី​ជួបជុំ​អបអរសាទរ​ខួប ៦៦​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​០៩​វិច្ឆិកា ១៩៥៣- ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១៩ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​អធិក​អ​ធ័​ម នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមានឯករាជ្យ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ ក្នុងនោះ ឥស្សរិយ​ជន​កំពូលៗ រួមមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ហេង សំរិន សម្តេច សាយ ឈុំ សម្តេច ស ខេង សម្តេច ទៀ ប​បាញ់ រួមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និង​ប្រជាជន​យ៉ាងច្រើន​កោះករ បាន​អញ្ជើញ​ចូលរួម​ពិធី​ជួបជុំ នៅ​វិមានឯករាជ្យ​។​

​ដោយឡែក នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ក៏បាន​ជួបជុំ ក្រោម​ការដឹកនាំ​របស់​អភិបាលខេត្ត ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៦ និង​ខួប​លើក​ទី​៦៦ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ផងដែរ​។ ពិធី​ជួបជុំ​ទាំងនោះ បានធ្វើ​ឡើង នៅតាម​ខេត្ត​នីមួយៗ ដោយមាន​ពិធី​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ ផងដែរ​។​

​សូម​រម្លឹកថា ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ បាន​បំពេញ​នូវ​ព្រះរាជ​បូនីយកិច្ច ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​សាធារណរដ្ឋ​បារាំង យ៉ាង​លំបាក ជូន​ដល់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា​។

​ក្រោម​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ដ៏​ពេញលេញ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។

​ប្រទេស​កម្ពុជា ក្រោយពី​ទទួលបាន​ឯករាជ្យ ដោយមាន ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​ព្រះ​អគ្គម​ហាម​គ្គុ​ទ្ទេស​ដ៏​ឆ្នើម បាន​ដឹកនាំ​កម្ពុជា ប្រកបដោយ​សុខសន្តិភាព និង​ភាព​រីកចម្រើន លើ​គ្រប់​វិស័យ ក្រោម​ព្រះរាជ​ត​ម្រិៈ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ព្រះបិតា​ស្ថាបនិក សម័យ​សង្គមរាស្ត្រនិយម រហូត​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់ និង​ប្រសិទ្ធិ​នាម​ព្រះរាជាណាចក្រ​កម្ពុជា ថា​ជា​កោះសន្តិភាព នា​អាស៊ីអាគ្នេយ៍ និង​ជា​យុគ្គសម័យ​មាស នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​នៅ​ថ្ងៃ​៩​វិច្ឆិកា​នេះ កូនចៅ​ប្រជានុរាស្ត្រ​គ្រប់រូប សូម​ចងចាំ និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com