តំណាងអយ្យការខេត្តបាត់ដំបងចោទប្រកាន់ឈ្មោះ ភឿន គឹមសេង ពីបទ រួមគំនិតក្បត់ជាតិជាមួយមេឧទ្ទាម សម រង្ស៉ី

(បាត់ដំបង)៖ យោងតាម សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ តំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ភឿន គឹមសេង ភេទប្រុស អាយុ ៤០ឆ្នាំ ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើឈ្មោះ ភឿន គឹមសេង
បន្ទាប់ពីជននេះ ទទួលផែនការកៀរគរ មនុស្ស ២០០នាក់នៅក្នុងស្រុករុក្ខគិរី ដើម្បីទៅទទួល មេចលនាឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្ស៊ី នៅព្រំដែនខ្មែរ-ថៃ ដើម្បីចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

ជាងនេះទៅទៀត ឈ្មោះ ភឿន គឹមសេង បានប្រកាសភ្នាល់ដាក់លុយជាមួយអ្នកស្រុក ដាក់ ១០ម៉ឺនរៀល ថាមេចលនាឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្ស៊ី នឹងចូលកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រោះរូបគេ និងមនុស្ស ២០០នាក់ទៀតត្រៀមចាំទទួលហើយ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
(SWIFT NEWS ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com