ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ចក្ខុវិស័យរបស់កងយោធពលខមេរភូមិន្ទនាពេលខាងមុខ ការហ្វឹកហ្វឺនរៀនសូត្រ នឹងត្រូវធ្វើឲ្យដូចជាការពិត

(បាត់ដំបង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរៈសេនាតូចថ្មើជើងសហការ វាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាយចាប យោធភូមិភាគទី៥ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

គោលបំណងសំខាន់នៃការបាញ់គ្រាប់ពិតនេះ គឺដើម្បីធ្វើការហ្វឹកហ្វឺនដល់នាយទាហានថ្នាក់ជំនាញ ដើម្បីលើកកម្ពស់ សមត្ថភាពក្នុងការដឹកនាំបញ្ជា និងចាត់តាំងសហការប្រយុទ្ធវាយលុក និងសកម្មភាពប្រយុទ្ធដល់កម្លាំងកងយោធពល ខេមរភូមិន្ទឲ្យស្ទាត់ជំនាញ គួបផ្សំយុទ្ធវិធីនិងបច្ចេកទេសថ្មីៗ ដើម្បីសម្រេចតួនាទីភារកិច្ចប្រគល់ជូន ដោយធានាសុវត្ថិភាព ទាំងនៅក្នុងដំណាក់កាលមុន ក្នុងពេល និងក្រោយពេលប្រយុទ្ធ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរៈសេនាតូចថ្មើជើង សហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាយចាប យោធភូមិភាគទី៥ នេះបានធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរៀបចំទិវាបុណ្យឯករាជ្យជាតិ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ៩ វិច្ឆិកា ២០១៩ ព្រមទាំងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ដ៏សែនសប្បាយរីករាយ ទៅតាមការគ្រោងទុក ជារៀងរាល់ឆ្នាំ ។

មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញឲ្យដឹងថា ការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទនេះ សូមឲ្យក្លាយទៅជាការ ត្រៀមប្រយុទ្ធដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដី ការពារប្រជាជន ដែលចង់បានព្រំដែនសន្ដិភាព ចង់ឲ្យប្រទេស មានសន្ដិភាព ដែលជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថិតក្នុងចក្ខុវិស័យរបស់កងយោធពលខមេរភូមិន្ទនាពេលខាងមុខ ការហ្វឹកហ្វឺន រៀនសូត្រ នឹងត្រូវធ្វើឲ្យដូចជាការពិត អ្វីដែលសំខាន់ជាងនេះទៀតនោះ ឯកឧត្តម បានធ្វើការកោតសរសើរដល់កម្លាំង ហ្វឹកហ្វឺន និងថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមធ្វើឲ្យកងយោធពលខេមរភូមិន្ទយើងមានសមត្ថភាពមានគុណភាព ក្នុងវិស័យការពារជាតិ មាតុភូមិរបស់យើងគ្រប់ៗគ្នា តាមរយៈនៃការហ្វឹកហ្វឺនរៀនសូត្ររបស់កងកម្លាំងយោធភូមិភាគទី៥ នាពេលនេះគឺជាការត្រួតពិនិត្យលទ្ធផលហ្វឹកហ្វឺនដើម្បីដកស្រង់ពិសោធន៍ ដឹកនាំធ្វើការហ្វឹកហ្វឺនឆ្នាំក្រោយបន្តទៀត ឲ្យកាន់តែល្អប្រសើរជាងនេះថែមទៀត ។

សូមបញ្ជាក់ថា ទីលានហាត់បាញ់គ្រាប់ពិតនេះមានទំហំផ្ទៃដីជាង៦០០ហិចតា ដែលស្ថិតនៅលើភូមិសាស្ត្រមួយដ៏មាន អំណោយ ផលល្អសម្រាប់ជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់់ធ្វើកាេរហ្វឹកហាត់ទទួលបានជោគជ័យ ហើយទីលាននេះស្ថិតក្រោមការបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាលទ្ធផលនៃការបាញ់គ្រាប់ពិតបានសម្រេចលទ្ធផលជិត១០០% គឺនៅសល់តិចតួចប៉ុណ្ណោះនឹងត្រូវធ្វើការកែលំអបន្ថែមទៀតនៅពេលក្រោយទៀត ៕SN-ពុទ្ធិរៈ

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com