ទីបំផុតរឿង «ល្បែងសាច់កម្ម» ធី សុវណ្ណថា, ផែ សុវណ្ណារិទ្ធ, ហេង ឡុង និង ចរិយា បញ្ចប់នៅលើគោក

(ភ្នំពេញ)៖ ការចេញមុខរបស់កញ្ញា ចរិយា ហៅ យ៉ាយ៉ា មកជួបលោក ហេង ឡុង បាននាំឲ្យមហាជនលើកឡើងភ្លាមថា អ្នកសរសេរឆ្អឹងរឿង និងដឹកនាំរឿង «ល្បែងសាច់កម្ម» ហាក់មានទេពកោសល្យ និងសមត្ថភាពតិចតួចស្តួចស្តើងបំផុត ដែលបានបញ្ចប់រឿងទាំងលើគោកលើគាំងបែបនេះ ធ្វើឲ្យអ្នកតាមដានដឹងចំណោតបញ្ហារឿងមុនបញ្ចប់ទៅទៀត។

អ្នកតាមដាននៅបណ្តាញសង្គមបានទស្សន៍ទាយដឹងមុនថា ក្រោយតារានយោបាយហ្វេសប៊ុក ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធ ចេញមុខមកធ្វើសន្និសីទ នោះកញ្ញា យ៉ាយ៉ា នឹងចេញមុខមកសុំទោសនៅពេលបន្ទាប់មិនខាន។ ដូចការដឹង មើលធ្លុះសាច់រឿងមុន យ៉ាយ៉ា ក៏ចេញមកបកស្រាយសុំទោសមែន ។

ការមើលធ្លុះនេះ ក៏ព្រោះតែមហាជនដឹងយ៉ាងច្បាស់ថា ការចេញមុខរបស់ អេង ចរិយា ហៅ យ៉ាយ៉ា មកយំស្រែកហែកទ្រូងខ្លួនឯងឲ្យក្អែកចឹកនៅចំថ្ងៃចូលរោងមង្គលរបស់ ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធ នេះវាគ្រាន់តែជាការរៀបចំសម្តែងមិនសូវមានភាពប៉ិនប្រសប់ប៉ុណ្ណោះ ព្រោះវាគ្មានហេតុផលណា ដែលត្រូវមានរឿងបែបនេះកើតឡើងឡើយ។

តាមរយៈសាច់រឿងនេះ មហាជនបានកក់សម្គាល់ឃើញតួអង្គសំខាន់ៗនៅក្នុងរឿងល្បែងសាច់កម្មនេះមាន កញ្ញា ធី សុវណ្ណថា លោក ផែ សុវណ្ណារិទ្ធ លោក ហេង ឡុង កញ្ញា ចរិយា ហៅ យ៉ាយ៉ា និងតួអមមួយចំនួនទៀត។ ក្នុងនោះគេឃើញ កញ្ញា ចរិយា និងលោក ហេង ឡុង ដូចជាដើរតួសំខាន់ខាងសាច់កម្ម រីឯកញ្ញា ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធ ជាតួឯកដែលរងគ្រោះ និងល្អគ្រប់ជំហ៊ាន។ ចុងបញ្ចប់លោក ហេង ឡុង និង កញ្ញា ចរិយា ជាអ្នកសម្តែងបញ្ចប់ ទាំងហេតុផលលើគោក និងសម្តែងទាំងឆ្គាំឆ្គង ដែលដំណើររឿងនេះ មហាជនបានដឹងមុនថានឹងកើតមានរឿងរបៀបនេះ។

ទន្ទឹមនឹងកញ្ញា ចរិយា ចេញមុខនេះ ធី សុវណ្ណថា ក៏បានសរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនលប់ចោលគម្រោងកាត់ចំណងដៃ២០០តុនៅភ្នំពេញផងដែរ ហើយពួកគេទាំងសងខាងបានណាត់ជួបគ្នានៅល្ងាចថ្ងៃទី៨នេះ ហើយជាលទ្ធផលនឹងមានការជជែកសម្របសម្រួលគ្នា សុំទោស ព្រមាន និងដាក់លក្ខខណ្ឌមួយចំនួន។

សាច់រឿងអាចនឹងបញ្ចប់ប៉ុណ្ណេះ តែបើពួកគេចង់បន្ត ឬពង្រីកភាគខ្លាចមហាជនមិនជឿ ពួកគេនឹងធ្វើនីតិវិធីនៅតុលាការបន្តិចទៀត។ ជាសរុបមករឿងនេះ មិនខុសពីអ្វីដែល Swift News បានលើកឡើងពីរឿងល្បែងសាច់កម្មនោះទេ៕

 

Q

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com