អគ្គនាយកដ្ឋាន​ពន្ធដា​រ ក្រើន​រម្លឹកថា ពន្ធ​ផ្លូវ សម្រាប់​យានយន្ត ផុតកំណត់​ត្រឹម​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បញ្ជាក់​ទៅកាន់​សាធារណជន​ថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០១៩ នឹងត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​។ រហូតដល់​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្កេតឃើញថា មាន​ម្ចាស់​យានយន្ត​ភាគច្រើន បានប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈដែល​ម្ចាស់​យានយន្ត​មួយចំនួនទៀត នៅ​មិនទាន់​បានមក​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។​

​ជាថ្មី​ម្តងទៀត ក្នុង​សេចក្តីជូនដំណឹង អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅតាម​សាខា​ពន្ធដារ ខេត្ត ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​វឌ្ឍនៈ ឬ​នៅតាម​ធនាគារ ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចៀសវាង​ការកកស្ទះ និង​ការ​ប្រជ្រៀត​គ្នា មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំ​ឲ្យ​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។​

​សេចក្តីជូនដំណឹង​ដដែល បញ្ជាក់ថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​តាម​ការកំណត់​ខាងលើ ម្ចាស់​យានយន្ត នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ តាមច្បាប់​ស្តីពី សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​នគរ​បាលច​រាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ នៅតាម​ដងផ្លូវ​នានា បន្ទាប់ពី​ការបិទ​បញ្ចប់​ការប្រមូល​ពន្ធ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com