អាមេរិក ប្រកាសគោរពតាមតួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាជន

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម W.Patrichk Muryhy ឯកអគ្គរាជទូតអាមេរិកថ្មីប្រចាំកម្ពុជា នាទីស្ដីក្រសួងមហាផ្ទៃ។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ខ្លួនគោរពទៅលើតួនាទី និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ ក្នុងការធានាសន្ដិសុខ សុវត្ថិភាព ជូនប្រជាជនកម្ពុជា។

ក្នុងបទសម្ភាសន៍នោះ ឯកឧត្តម W. Patrick Murphy បានលើកឡើងយ៉ាងដូច្នេះ «យើងខ្ញុំគោរពទៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពិសេសការធានាសន្ដិសុខ ទៅដល់ប្រជាជនកម្ពុជា រួមទាំងជូនយើងខ្ញុំផងដែរ»។

ឯកឧត្តម W. Patrick Murphy បានគូសបញ្ជាក់ទៀតថា ក្នុងជំនួបនោះ លោក និងសម្ដេចក្រឡាហោម ស ខេង បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងជិតស្និតជាទីបំផុត ហើយបានប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ ព្រមទាំងការងារមួយចំនួនទៀត។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា- អាមេរិក ភាគីទាំងពីរនឹងរិះរកនូវកម្មវិធីល្អៗ ដើម្បីសម្ដែងឲ្យឃើញនូវទំនាក់ទំនងដ៏យូរអង្វែង ហើយកាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com