ព្រះមហាក្សត្រកម្ពុជាថ្លែងអំណរគុណប្រធានាធិបតីអាមេរិកចំពោះសារអបអរបុណ្យឯករាជ្យជាតិកម្ពុជា

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារថ្លែងអំណរគុណទៅកាន់ ប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះលិខិតថ្វាយព្រះពរដែលឯកឧត្តម ដូណាល់ ត្រាំ (DONALD J. TRUMP) បានថ្វាយទ្រង់ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាកំពុងអបអរខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា។

ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជឱង្កាទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក តាមរយៈព្រះរាជសារនេះថា ខណៈពេលដទទួលបាននូវលិខិតថ្វាយព្រះពរពីសំណាក់ឯកឧត្តម ដូណាល់ ត្រាំ នោះ គឺក្នុងនាមជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ពិតជាមានព្រះជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក នឹងនៅតែបន្តកាន់តែស៊ីជម្រៅរីកចម្រើនបម្រើឲ្យផលប្រយោជន៍ និងភាពសុខដុមរមនានៃប្រជាជននៃប្រទេសទាំងពីរ។

នេះបើយោងតាមព្រះរាជសារ ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា « https://www.norodomsihamoni.org/kh »។

 

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងលិខិតនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយ ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវព្រះរាជាណាចក្រ ដែលប្រកបដោយសន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព»៕បSN-ពុទ្ធិរៈ

   

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com