ប្រធានាធិបតីតួកគីប្រកាសថា តួកគីចាប់បានប្រពន្ធរបស់មេដឹកនាំក្រុមអាយស៊ីសនៅស៊ីរី

(តួកគី)៖ ប្រធានាធិបតីតួកគី លោក រ៉េស៊ីប តាយីបអេឌូហ្គាន (Recep Tayyip Erdogan) បាននិយាយនៅថ្ងៃពុធថាប្រទេសតួកគីចាប់បានប្រពន្ធរបស់មេដឹកនាំក្រុមអាយស៊ីស (ISIS) ដែលទើបត្រូវបានសម្លាប់កាលពីពេលថ្មីៗកន្លងទៅ។

លោក អេឌូហ្គាន បានប្រកាសបែបនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋធានីអង់ការ៉ា (Ankara) ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលំអិតបន្ថែមទេ។

ប្រធានាធិបតីតួកគីមិនបានប្រាប់ថាតើភរិយារបស់មេដឹកនាំអាយស៊ីស (ISIS) រូបនោះត្រូវបានចាប់ដោយរបៀបណាឬនៅកន្លែងណាឡើយ។

ការប្រកាសរបស់ លោក អេឌូហ្គាន បានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីកងកម្លាំងតួកគីចាប់បានបងស្រីរបស់មេដឹកនាំក្រុមអាយស៊ីស (ISIS) នៅក្នុងខេត្តអាឡិបប៉ូ (Aleppo) ស្ថិតនៅភាគពាយព្យប្រទេសស៊ីរី។

ជំនួយការមួយរូបរបស់មេដឹកនាំក្រុមអាយស៊ីស (ISIS) បាននិយាយថាមេដឹកនាំក្រុមអាយស៊ីស (ISIS) លោក អាប៊ូ បាឃឺ អាល់បាក់ដាឌី (Abu Bakr al-Baghdadi) ដែលត្រូវបានសម្លាប់ហើយនោះមានប្រពន្ធ៤នាក់ជាចំនួនច្រើនបំផុតដែលគាត់អាចយកបាននៅក្រោមច្បាប់របស់អ៊ីស្លាម។

សូមរម្លឹកថាមេដឹកនាំក្រុមអាយស៊ីស (ISIS) លោក អាប៊ូ បាឃឺ អាល់បាក់ដាឌី (Abu Bakr al-Baghdadi) បានចុចបំផ្ទុះសម្លាប់ខ្លួនឯងអំឡុងពេលប្រតិបត្តិការវាយឆ្មក់របស់កងកម្លាំងពិសេសអាមេរិកចូលក្នុងផ្ទះរបស់គាត់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី២៦ ខែតុលា៕SN-ពុទ្ធិរៈ

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com