មន្រ្តី CAMSOC ១០រូប ចូលរួមវគ្គសិក្ខាសាលាស្តីពីគ្រប់គ្រងកីឡា នៅប្រទេសចិន

(កម្ពុជា)៖គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបញ្ជូនមន្រ្តីលេខាធិការដ្ឋានរបស់ខ្លួនចំនួន១០រូប ទៅចូលរួមស្វែងយល់បង្កើនចំណេះដឹង នៅក្នុងវគ្គសិក្ខាសាលាពិសេស ស្តីពីការគ្រប់គ្រងកីឡា រយៈពេល១០ថ្ងៃ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា មន្រ្តីទាំង១០រូប ដែលចូលរួមវគ្គសិក្ខាសាលានេះ គឺទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC ក្រោមជំនួយរបស់ស្ថានទូត និងក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន។

វគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រងកីឡានេះ មានលក្ខណៈពិសេស ដោយផ្តោតសំខាន់លេីការសិក្សាពីរចនាសម្ព័ន្ធគ្រប់គ្រងកីឡា ការគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍កីឡា ការទទួលខុសត្រូវ និងឥទ្ធិពលកីឡា ក្នុងសង្គមជាតិ និងអត្ថប្រយោជន៍សម្រាប់មនុស្សជាតិផងដែរ។

សូមបញ្ជាក់ថា CAMSOC កំពុងបំពេញបេសកកម្មយ៉ាងសកម្ម នៅក្នុងការបណ្តុះបណ្តាលមន្រ្តីរដ្ឋបាលកីឡា ក៏ដូចជាគាំទ្រ និងលើកកម្ពស់គុណភាពកីឡាកម្រិតខ្ពស់ ដើម្បីសម្រួចគោលដៅ ក្នុងដំណើរបាញ់ឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្រ្តជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ Cambodia SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com