ជនជាតិសិង្ហបុរី ដែលធំធាត់នៅហុងកុង ត្រូវជាប់ពន្ធនាគារប្រាំបួនសប្ដាហ៍ បន្ទាប់ពីមិនបានបំពេញកាតព្វកិច្ចយោធា

(សិង្ហបុរី)៖ បុរសវ័យក្មេងជនជាតិសិង្ហបុរីអាយុ២២ឆ្នាំមួយរូបត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ សប្តាហ៍កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកខកខានមិនបានបំពេញកាតព្វកិច្ចយោធារយៈពេល ៤ឆ្នាំ ៩ខែ។

លោក ចូណាថាន លី ហាន វេន (Jonathan Lee Han Wen) ដែលមានម្តាយជាជនជាតិសិង្ហបុរី និងឪពុកជាជនជាតិអង់គ្លេស បានចាកចេញពីសិង្ហបុរី ទៅរស់នៅទីក្រុងហុងកុងនៅពេលលោកមានអាយុមួយខែ ប៉ុន្ដែម្ដាយរបស់លោកបានស្នើផ្ដល់សញ្ជាតិសិង្ហបុរីដល់លោក។

បុរសវ័យក្មេងរូបនេះ បានសិក្សានៅក្រុងហុងកុង ហើយក្រោយមកបានបន្តការសិក្សានៅសាកលវិទ្យាល័យឡេនខេសស្ទ័រ (Lancaster) នៃចក្រភពអង់គ្លេស។

ក្នុងនាមជាពលរដ្ឋសិង្ហបុរី លោក លី បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែនសិង្ហបុរីចំនួន ៥លើក ដោយជោគជ័យ និងធ្វើដំណើរទៅប្រទេសមួយចំនួនដូចជាចិន តៃវ៉ាន់ ជប៉ុន និងហុងកុង។

ដោយឡែក ក្រសួងការពារជាតិសិង្ហបុរីក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា៖ «លោក លី ទៅក្រៅប្រទេសដោយចេតនា ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ បើទោះបីដឹងពីកាតព្វកិច្ចរបស់ខ្លួនក៏ដោយ»។

សេចក្ដីថ្លែងការណ៍បានបន្ដទៀតថា៖ «ប្រសិនបើយើងអនុញ្ញាតឱ្យពលរដ្ឋសិង្ហបុរី ឬអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ដែលនៅក្រៅប្រទេស គេចចេញពីកាតព្វកិច្ច ឬជ្រើសរើសពេលវេលាដែលពួកគេចង់ចូលបំពេញកាតព្វកិច្ចនោះ យើងមិនមានភាពយុត្តិធម៌ ចំពោះកងទ័ពជាតិភាគច្រើនរបស់យើងដែលបម្រើប្រទេសជាតិ ប្រកបដោយភាពទទួលខុសត្រូវឡើយ»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com