សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន អាចមានក្រុមបាល់ទាត់រួមមួយ ដែលអាចទៅប្រកួតជាក្រុមកីឡាករខ្លាំង

(សៀមរាប)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ទៅថ្ងៃអនាគតខាងមុខដ៏ឆាប់នេះ សហគមន៍អាស៊ាន អាចមានក្រុមបាល់ទាត់រួមគ្នាមួយ ដែលអាចទៅប្រកួតជាក្រុមកីឡាករខ្លាំងៗ នៅលើពិភពលោក ជាពិសេស ក្នុងឱកាសអាស៊ានធ្វើជាច្បាស់ផ្ទះ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញមកដល់ខេត្តសៀមរាបប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២​ ដែលប្រារព្ឋធ្វេីនៅសណ្ឋាគារសុខា​ សៀមរាប។

សម្តេចតេជោ ហ៊ុន​​​ សែន បានបញ្ជាក់ថា «អាស៊ាន អាចក្រុមបាល់ទាត់រួមមួយ ឧទាហរណ៍ ខ្មែរមានគីឡាករម្នាក់ ថៃមានម្នាក់ និងរួមជាមួយកីឡាករមកប្រទេសផ្សេងទៀតក្នុងអាស៊ាន ដែលអាចទៅប្រកួតជាមួយគេបាន»។

សម្តេចរំឭកបែបនេះ ក្រោយពីអាស៊ាន កាលពីអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់អន្តរជាតិ (Federation of International Football Assoiciations-FIFA) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងបាងកក ប្រទេសថៃ។

កាលពីថ្ងៃទី០២​​​ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងបាងកក សហព័ន្ធបាល់ទាត់អន្តរជាតិ ​និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍសង្គម និងការរស់នៅប្រកបដោយសុខមាលភាពនៅក្នុងតំបន់ តាមរយៈកីឡាបាល់ទាត់។

កិច្ចព្រមព្រៀងនេះភាគីទាំងពីរ នឹងវិនិយោគក្នុងវិស័យអប់រំ ជាពិសេសកម្មវិធីបាល់ទាត់តាមសាលារៀនរបស់ FIFA ដែលមានគោលបំណងបញ្ចូលកីឡានេះ ក្នុងកម្មវិធីអប់រំកាយ។ លើសពីនេះនឹងផ្សព្វផ្សាយបាល់ទាត់ដោយផ្តោតទៅលើស្ត្រី និងសហគមន៍។

ភាគីទាំងពីរក៏មានគោលបំណងផ្តោតសំខាន់លើការការពារកុមារ និងលើកកម្ពស់សុច្ចរិតភាពកីឡា តាមរយៈការយល់ដឹងពីភាពស្អាតស្អំ និងការលេងដោយយុត្តិធម៌ (Clean and Fair Play)។

ក្នុងពិធីចុះហត្ថលេខា នៃជំនួបកំពូលអាស៊ាន លោក Gianni Infantino ប្រធានFIFA លើកឡើងថា «ក្រោយពិភាក្សាគ្នាជាច្រើនឆ្នាំក្នុងចំណោមប្រទេសអាស៊ាន ទីបំផុត យើងបានរកឃើញចំណុចរួម នោះគីបាល់ទាត់«។

ចំណែកអគ្គលេខាធិការអាស៊ានលោក  Lim Jock Hoi  មានប្រសាសន៍ថា «បាល់ទាត់ និងកីឡាទូទៅ ជាមធ្យោបាយយុទ្ធសាស្ត្រដ៏ល្អដើម្បីធ្វើឲ្យប្រជាជនរួមគ្នា លើកកម្ពស់ការទំនាក់ទំនងកាន់តែប្រសើរ និងធ្វើឲ្យអាស៊ានកាន់តែរួមគ្នាជាសហគមន៍មួយ»។

កិច្ចព្រមព្រៀងនេះកើតឡើងមួយខែបន្ទាប់ពីអាស៊ានទាំង១០ បង្កើតក្រុមការងារបច្ចេកទេសដើម្បីប្រជែងដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០៣៤ ដែលគេរំឭងថា ប្រទេសទាំង១០នេះ អាចរួមគ្នាធ្វើបានដោយជោគជ័យ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង