ឯកឧត្តម ថោង ខុន ទទួលបានការគាំទ្របន្តដឹកនាំសហព័ន្ធកាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មី

(កម្ពុជា)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឌមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានការគាំទ្រពេញលេញ ១០០% លើសំឡេងបោះឆ្នោតគាំទ្រ ដែលជាសមាជិកពេញសិទ្ធិ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៥ និងបន្តអាណត្តិថ្មី ២០១៩-២០២៣ ដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា។

អង្គមហាសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ចប់សមាសភាពអាណត្តិចាស់ និងបានរៀបចំតាមទម្រង់គោលការណ៍សម្រាប់អាណត្តិថ្មី ២០១៩-២០២៣ ដោយមានសមាសភាពសមាជិកប្រតិបត្តិចំនួន៩រូប។

លទ្ធផលនៃការបោះឆ្នោតរួមមាន៖ ឯកឧត្តម ថោង ខុន ត្រូវបានសមាជិកទាំងអស់ ផ្តល់ការគាំទ្រឲ្យឯកឧត្តមបន្តដឹកនាំជាប្រធានសហព័ន្ធ, លោកឧកញ៉ា សុខ ហុង អនុប្រធាន, លោក ណយ ផាណា អគ្គលេខាធិការ, លោក មាស សារ៉េត អគ្គលេខាធិការរង និងលោក ខៀវ ចិន្តា ជាអគ្គហិរញ្ញិក ព្រមទាំងសមាជិក៤រូប គឺអ្នកស្រី ដួង សាម៉ៃ, អ្នកស្រី ពេជ្រ យូ, លោក ជុំ រ៉ាទី និងលោក អៀម វ៉ាងឌុល។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជម្រាបជូនអង្គមហាសន្និបាតនូវសកម្មភាពការងារអាណត្តិទី៥ ក្នុងរយ:ពេលពេញ៤ឆ្នាំ (២០១៥-២០១៩)យ៉ាងលម្អិតលើចំណុចធំៗដូចជា ការងារទំនាក់ទំនងសហប្រតិបត្តការអន្តរជាតិ កិច្ចប្រជុំក្នុង និងក្រៅប្រទេស ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុង និងក្រៅប្រទេស ការប្រកួតជាតិ-អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដោយចំណុចខ្លាំងសហព័ន្ធទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះចំណុចខ្សោយ សន្និបាតបានលើកឡើងនូវកង្វះខាតផ្នែកថវិកា ក្នុងការជំរុញដល់ការអភិវឌ្ឍ ក្នុងការបញ្ជូនមន្ត្រីបច្ចេកទេស ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ចេញទៅទទួលការបណ្តុះបណ្តាល និងការហ្វឹកហាត់ក្រៅប្រទេស។

ចំពោះទិសដៅសកម្មភាពការងារបន្តសម្រាប់អាណត្តិថ្មី ៤ឆ្នាំបន្ទាប់ លោក ណយ ផាណា បានលម្អិតច្បាស់លាស់នៅក្នុងរបាយការណ៍របស់ខ្លួន ក្នុងនោះមានដូចជាបណ្តុះបណ្តាលមន្ត្រី រដ្ឋបាល មន្ត្រីបច្ចេកទេសថ្នាក់មូលដ្ឋាន គ្រូបង្វឹកកម្រិត១ និងគ្រូកម្រិត២ ចៅក្រមកម្រិតថ្នាក់ជាតិ ដើម្បីរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣។ ត្រូវរៀបចំកម្មវិធីបោះជុំរុំយ៉ាងតិច១ដងក្នុង១ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស របស់កីឡាករ កីឡាករិនី ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគេ និងកីឡាករ កីឡាការិនី ឲ្យមានគុណភាពបច្ចេកទេសកាន់តែប្រសើរឡើង។ ពិនិត្យលើការងារបច្ចេកទេសជំនាញ ដើម្បីមានភាពច្បាស់លាស់ក្នុងការស្វែងរកឧត្តមភាពជាតិ កិត្តិយសជាតិនាឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំលើកទី៣២ ឆ្នាំ២០២៣ ។

ជាមួយគ្នានោះ អគ្គលេខាធិការរូបនេះក៏សំណូមពរដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា សូមជួយជ្រោមជ្រែងបន្ថែមក្នុងការសម្របសម្រួលលើការងារជំនាញ ដែលជាតម្រូវការចាំបាច់បំផុត និងស្របតាមផែនការមេរបស់សហព័ន្ធកីឡាជាតិ ឆ្ពោះទៅរកភាពជោគជ័យ ឆ្នាំ២០២៣ នាពេលខាងមុខផងដែរ៕

ប្រភព៖ Cambodia SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com