ក្រសួងទេសចរណ៍កំណត់យកខេត្ត៦ នៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់គោលដៅទាក់ទាញទេសចរ

(ភ្នំពេញ)៖ក្រសួងទេសចរណ៍កំពុងរៀបចំផែនការមេ សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តមានសក្តានុពលទេសចរណ៍ចំនួន៦ នៅក្នុងប្រទេស ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើន និងស្នាក់នៅរយៈពេលយូ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដែលមានក្រសួងទេសចរណ៍ជាប្រធានដឹកនាំការងារនេះ ក្នុងការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍​នៅខេត្តមានសក្តានុពលខ្ពស់មួយចំនួន ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា «មណ្ឌលគិរី គឺជាខេត្តទាក់ទាញមួយ ដែលយើងនឹងរៀបចំជាតំបន់អេកូទេសចរណ៍ និងទីតាំងសម្រាប់ផ្គត់ផ្គង់ផ្កា និងបន្លែ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍របស់យើង។ ព្រោះយើងដាំនៅទីនោះ គឺបានល្អ ហើយយើងសព្វថ្ងៃ គឺទិញពីគេច្រើន ដែលធ្វើឲ្យ លេចធ្លាយចំណូលបានមកពីវិស័យទេសចរណ៍ទៅវិញប្រហែល២៥ភាគរយ។ ដូច្នេះបើយើងធ្វើបាន នោះចំណូលពីវិស័យទេសចរណ៍ នឹងនៅក្នុងស្រុកទាំងអស់»។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិ ខ្នាតតូចល្មមមួយ នៅខេត្តមណ្ឌលគិរី ហើយផែនការនេះ កំពុងតែវិវត្តទៅមុខគួរឲ្យគត់សម្គាល់។

ឯកឧត្តមរដ្ឋមន្ត្រី បានរៀបរាប់ថា ក្រៅពីនេះ ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងជាគោលដៅទេសចរណ៍ធំបំផុតរបស់កម្ពុជា ក៏នឹងត្រូវរៀបចំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែម នៅជុំវិញអង្គរ និងកន្លែងទេសចរណ៍ធម្មជាតិមួយចំនួនទៀត។ ដោយឡែកខេត្តចំនួន៤ផ្សេងទៀត ដែលនៅជាប់តំបន់ឆ្នេរ ដូចជាខេត្តកែប នឹងប្រែក្លាយទៅតំបន់ទេសចរបែបលម្ហែកាយកម្រិតខ្ពស់, ខេត្តកំពត នឹងរៀបចំទៅជាទសចរណ៍វប្បធម៌បេតិកភណ្ឌ ព្រោះមានផ្ទះបុរាណសល់ពីសម័យបារាំងច្រើន ខណៈខេត្តព្រះសីហនុ នឹងរៀបចំទៅជាសេដ្ឋកិច្ចពហុបំណង និងខេត្តកោះកុង នឹងអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ។

ទោះជាយ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាគោលដៅទេសចរចម្រុះជាតិសាសន៍ដ៏ទាក់ទាញមួយរបស់កម្ពុជាផងដែរ។ តំបន់ជុំវិញសំខាន់ ៗមួយចំនួន ក៏គ្រោងនឹងរៀបចំទៅតំបន់ទេសចរណ៍ពិសេស នាពេលខាងមុខ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា រយៈពេល៧ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣,៨៤លាននាក់ បានកើនឡើង១១,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង