ធី សុវណ្ណថា បង្ហោះសារព្រមានលោក ហេង ឡុង ដោយ​ទុកពេលអោយ ២៤ម៉ោង បង្ហាញមុខនារី ដែលបង្កើតព័ត៌មានបរិហាកេរ្តិ៍ស្វាមីរបស់នាង ក្នុងថ្ងៃមង្គលការ!

(ភ្នំពេញ)៖ អ្នកនាង ធី សុវណ្ណថា ត្រូវបានគេស្គាល់ថា ជាសកម្មជនហ្វេសប៊ុកដ៏មានភាពល្បីល្បាញ​នៅក្នុងសង្គមនោះ នាងបានបង្ហោះសារព្រមានក្តែងៗ ទៅលោក ហេង ឡុង ដោយទុកពេលអោយ ២៤ម៉ោង ដើម្បី​បង្ហាញមុខនារីម្នាក់ ឈ្មោះ យ៉ា ដែល ធី សុវណ្ណថា អះអាងថា បាន​បង្កើតព័ត៌មានថា ជាគូកំណាន់ចិត្ត រួមរស់ជាមួយស្វាមីខាងធីសុវណ្ណថា ជាច្រើនឆ្នាំមកហើយនោះ។

ឆ្លើយតបទៅ​លោក ហេង ឡុង តាមរយៈការសម្ភាសន៍ផ្ទាល់ នៅក្នុងថ្ងៃមង្គលការ លោក ផែ សុវណ្ណារិទ្ធ បានបដិសេធ​យ៉ាងដាច់ខាត ចំពោះនារីម្នាក់ ឈ្មោះ យ៉ា ដែលលើកឡើង​បង្កើត​ព័ត៌មានយ៉ាងដូចច្នេះ។

លោក ផែ សុវណ្ណារិទ្ធ បានឆ្លើយបដិសេធទាំងស្រុង ថាខ្លួនមិនមានអ្វីទាក់ទងជាមួយនារី ឈ្មោះ យ៉ា ដែលជាអ្នកសិល្បះ​នោះទេ។

ជុំវិញបញ្ហានៃការកើតមានរឿងរាវអាស្រូវ បង្កើតព័ត៌មានមិនពិតបរិហាកេរ្តិ៍បែបនេះ ​នាង ធី សុវណ្ណថា ដែលជាភរិយា​របស់លោក ផែ សុវណ្ណារិទ្ធ បានប្រតិកម្មយ៉ាងខ្លាំង ទៅនឹងការលើកឡើង​របស់លោក ហេង ឡុង ដែលបានសួរចោទប្រកាន់មកលើស្វាមីរបស់ខ្លួន ទាំងគ្មានភស្តុតាង ដែលជា​ហេតុ ធ្វើអោយ​​នាង ធី សុវណ្ណថា ខឹងយ៉ាងខ្លាំង ទៅលោក ហេង ឡុង ដែលបង្កើតរឿងអាស្រូវ ចំថ្ងៃមង្គលការរបស់អ្នកទាំងពីរយ៉ាងដូចច្នេះ។ ​

នៅក្នុងថ្ងៃទី០៣ ខែវិច្ឆិកា​ ធី សុវណ្ណថា បានបង្ហោះសារព្រមាន ទៅលោក ហេង ឡុង យ៉ាង​ដូ​ច្នេះ​ថា «សារព្រមាន ខ្ញុំទុកពេល​ឲ្យលោក​ ហេង​ ឡុង​ ២៤ម៉ោង បង្ហាញ​មុខនារីម្នាក់​ ដែលវាយប្រហារខ្ញុំ នៅ​ថ្ងៃរៀបការ។ បើនាងមិនចេញមុខទេ​ ខ្ញុំនឹងប្តឹង​លោក​ ហេង​ ឡុង ករណីបង្កើត​ព័ត៌មានក្លែងក្លាយ​ បរិហាកេរ្តិ៍​…»។

យ៉ាងណាក៏ដោយលោក ហេង ឡុង ដែល​រួមរស់​ជាមួយ​អ្នកនាង ចន ចាន់លក្ខិណា ប្រធានសមាគម​សិល្បករ​កម្ពុជា តែមិនទាន់រៀបការ មិនទាន់​ឆ្លើយតបទៅកាន់នាង ធី សុវណ្ណថា បែបណា នៅឡើយ​ទេ​។

រីឯ​មហាជន កំពុងរង់ចាំមើល ថាតើនឹងមានរឿងអ្វីកើតឡើង នៅថ្ងៃបន្ទាប់ ក្រោយពេល​ដែលសារ​របស់​នាង ធី សុវណ្ណថា បានព្រមាន​លោក ហេង ឡុង យ៉ាងដូច្នេះ៕ (Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង