សង្រ្គាមងាយកើតឡើងណាស់ ៖ សូមរួមគ្នាថែរក្សារសន្ដិភាពនៅកម្ពុជាបានគង់វង្ស!

(ភ្នំពេញ)៖ ខ្ញុំសូមផ្ញើសំបុត្រមួយនេះអំពី «សង្រ្គាមនិងសន្ដិភាពក្នុងប្រទេសកម្ពុជា» ជូនដល់ប្រជាជាតិជាទីគោរពស្រឡាញ់របស់ខ្ញុំ។ ខ្ញុំបានសិក្សាទូលំទូលាយពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ និងការស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍ទាំងនៅកម្ពុជានិងនៅបណ្តាប្រទេសជាច្រើនទៀតដែលរងគ្រោះដោយសង្គ្រាម។ ខ្ញុំចង់និយាយថា សន្ដិភាពមានភាពផុយស្រួយ ហើយសង្គ្រាមងាយនឹងកើតឡើងណាស់!។

ខ្ញុំសូមជម្រាបថា អ្នកប្រាជ្ញលោកខាងលិចនិងលោកខាងកើត បានសិក្សាអំពីសង្គ្រាមនិងសន្ដិភាពអស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេមិនដែលឈានដល់ការសន្និដ្ឋានជាយន្តការពិតប្រាកដណាមួយដើម្បី បញ្ជៀសសង្គ្រាម ក្រៅតែពីផ្តល់អនុសាសន៍ «ឲ្យខិតខំថែរក្សាសន្ដិភាព ឲ្យបានស្ថិតស្ថេរចីរកាលនោះទេ»។

មនុស្សគ្រប់រូបគួរតែអាន សៀវភៅអំពីសង្គ្រាមនិងសន្ដិភាព ដែលជាស្នាដៃរបស់អ្នកនិពន្ធជនជាតិរុស្សីដ៏ល្បីឈ្មោះម្នាក់គឺ លីអូ ថុលស្ទយ (Leo Tolstoy) ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ថាតើវាមានផលលំបាកយ៉ាងណាខ្លះដើម្បីឲ្យមានសន្ដិភាពក្នុងរយៈពេលដ៏យូរអង្វែងមួយ និងដើម្បីបញ្ជៀសសង្គ្រាម។ នៅពេលដែលនិយាយថា ពិភពលោកគ្មានសង្គ្រាម នោះគឺគ្រាន់ជាសុបិន្តមួយប៉ុណ្ណោះ។ អ្នកណាដែលនិយាយថា ពិភពលោកនឹងគ្មានសង្គ្រាម គឺដូចគ្នានឹងពួកខ្មែរក្រហម ប៉ុល ពត ដែលនិយាយថា ពួកគេមិនបានសម្លាប់មនុស្សនោះទេ។

ដូច្នេះសម្រាប់ខ្ញុំ អ្វីដែលយើងមាននៅថ្ងៃនេះគឺជា «ប្រណិតភាព» ជាពិសេសសិទ្ធសេរីភាពក្នុងការផ្លាស់ទីធ្វើដំណើរដោយរីករាយពាសពេញផ្ទៃប្រទេស រួមជាមួយនឹងការពង្រីកផ្លូវដ៏ធំទូលំទូលាយនៅទូទាំងប្រទេស។

កម្ពុជាគឺជាប្រទេសដ៏តូចមួយ។ ក៏ប៉ុន្ដែកាលពី២៥ឆ្នាំមុន ផ្នែកខ្លះនៃប្រទេសដ៏អភ័ព្វរបស់យើង គឺពោរពេញទៅដោយអាថ៌កំបាំង ហាក់ដូចជាឋានមួយដ៏សែនឆ្ងាយ ពីព្រោះយើងពុំមានហេដ្ឋារចនាសម្ព័ន្ពគ្រប់គ្រាន់និងមធ្យោបាយធ្វើដំណើរទៅកាន់ទីនោះបាន និងដោយសារតែហេតុផលអសន្ដិសុខ។

ភ្នំគូលេន មានចម្ងាយតែ៣០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តសៀមរាប។ វាជា ទីតាំងប្រវត្តិសាស្ដ្រដ៏ធំមួយ ហើយត្រូវបានគេចាត់ទុកជាតំបន់មានដីសម្បូរជីជាតិ ដែលជាប្រភពដើមនៃស្ទឹង សៀមរាប ដែលហូរកាត់ឧទ្យានបិតិកភ័ណ្ឌ អង្គរ ទាំងមូល។ ប៉ុន្ដែក្នុងសម័យសង្គ្រាមគ្មានអ្នកណាអាចធ្វើដំណើរទៅកំសាន្តឬស្រាវជ្រាវលើភ្នំនេះទេ ជាពិសេសដោយ សារតែវត្តមាននៃកងទ័ពខ្មែរក្រហមនៅទីនោះ។ ភ្នំផ្សេងៗទៀតនៅប្រទេសកម្ពុជា ក៏មានវាសនាដូចភ្នំគូលែនដែរ ដូចជា ភ្នំបូកគោ ភ្នំឱរ៉ាល់ ភ្នំដងរែក និងភ្នំគីរីរម្យជាដើម។ ខ្ញុំចាំបានថា ក្នុងឆ្នាំ១៩៩៧ ក្នុងខេត្តសៀមរាប នៅពេលដែលភ្នំគូលែនបានបើកឲ្យចូលជាលើកដំបូង ប្រជាជនបានប្រមូលផ្ដុំគ្នាទៅទីនោះជាច្រើនកុះករ។

បច្ចុប្បន្ននេះ ដោយសារតែសន្ដិភាពនិងការអភិវឌ្ឍន៍ ពួកយើងអាចទស្សនាទីនោះ និងទីកន្លែងថ្មីៗដែលមានសម្រស់ល្អស្រស់ត្រកាលក្នុងប្រទេសរបស់យើងគ្រប់ទីកន្លែង តាមបណ្ដោយឆ្នេរសមុទ្រ តាមតំបន់ខ្ពង់រាប តាមជួរភ្នំក្រវ៉ាញ ទឹកជ្រោះប៊ូស្រា និងក្នុងខេត្តសៀមរាបផ្ទាល់ ដូចជារមណីយដ្ឋានពើងតានន់ ជាដើម។ ដូច្នេះ ប្រជាជនកម្ពុជាទាំងអស់គួរតែព្យាយាមថែរក្សាការពារសន្ដិភាពបច្ចុប្បន្ន និងសប្បាយរីករាយជាមួយនឹងសន្ដិភាពនេះ និងដែលយើងកំពុងមាននេះ។

អ្នកស្រាវជ្រាវជាច្រើនតែងតែចាត់ទុកសង្គ្រាមនិងសន្ដិភាពជាការវិវត្តន៍មួយដែលផ្លាស់ប្តូរគ្នាឥតឈប់ឈរ ដែលមានសណ្ឋាន ដូចជាវដ្ដសេដ្ឋកិច្ច និងវដ្ដពាណិជ្ជកម្មដែរ (business and economic cycles)។ បាតុភូតនេះវាពាក់ព័ន្ធទៅនឹងផ្នត់គំនិតរបស់មនុស្ស។

ក្នុងករណីប្រទេសកម្ពុជា យុវជនជំនាន់ក្រោយដែលពុំធ្លាប់ឆ្លងកាត់សង្គ្រាម មើលស្រាលតម្លៃសន្ដិភាពដ៏ឧត្តុង្គឧត្តម ដែលយើងរាល់គ្នាកំពុងតែមាន ហើយចាត់ទុកការអភិវឌ្ឍន៍បច្ចុប្បន្ននេះ ជាវត្ថុមួយដែលមានស្រាប់។ ពួកគាត់គិតថា សន្ដិភាពពុំត្រូវការឲ្យមានការថែរក្សាជ្រោមជ្រែងនោះទេ ប្រៀបដូចជាដើមឈើហូបផ្លែមួយដើមនៅក្រោយផ្ទះដែលមិនចាំបាច់ស្រោចទឹកដាក់ជី ប៉ុន្ដែបែរជាផ្ដល់ផ្លែផ្កា ជារៀងរាល់ឆ្នាំ។ សូម្បីពួកអ្នកនយោបាយក្នុងបក្សប្រឆាំងក៏កំពុងគិតដូច្នេះដែរ។ ការគិតនេះ គឺខុសហើយ។ បើមិនខិតខំថែរក្សាទេ ដើមឈើនោះនឹងស្លាប់ ហើយនឹងលែងឲ្យផ្លែ ហើយដូចគ្នានឹងពេលបាត់បង់សន្តិភាព គឺនឹងជំនួសដោយសង្គ្រាម និងការឈឺចាប់

សន្ដិភាព ក៏យ៉ាងដូច្នេះដែរ។ យើងត្រូវតែគោរព ឲ្យតម្លៃ ថែរក្សា និងការពារសន្ដិភាព។ យើងមិនត្រូវភ្លេចខ្លួន មើលស្រាល និង បន្ថយតម្លៃ សន្តិភាព នោះទេ។ ក្នុងប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា ទាំងមូល កម្ពុជាពុំដែលសប្បាយរីករាយជាមួយនឹងសម័យកាលដ៏ពិតប្រាកដមួយដែលគ្មានការប៉ះបោរ ឬកងទ័ពឧទ្ទាមក្នុងព្រៃ ដូចសព្វថ្ងៃនេះទេ។ សូម្បីតែនៅក្នុងសម័យសង្គមរាស្ដ្រនិយម ក៏មានកងទ័ពខ្មែរក្រហម ខ្មែរ-ឥស្សរៈ និង ខ្មែរសេរី នៅក្នុងព្រៃដែរ ដែលបានបង្កើតឲ្យមានអស្ថេរភាព ហើយបានរឹតត្បិតសិទ្ធសេរីនៃការផ្លាស់ទី ការធ្វើដំណើរ និងឱកាសអភិវឌ្ឍន៍ជីវភាពរបស់ប្រជាជន។

ការប្រជែងអំណាចរបស់ពិភពលោក ដែលជាឬសគល់នៃសង្គ្រាមត្រជាក់នៅតែបន្ដកើតមាននៅឡើយ ហើយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលពិភពលោកហាក់ដូចជាងាកទៅរកការរើសអើងពូជសាសន៍ឡើងវិញ ដូចជានៅប្រទេសបារាំង និងប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប តាមរយៈយុទ្ធនាការប្រជានិយម (populism) គឺជាការបំផុសលាបពណ៌ឲ្យប្រជាជនខ្លួនឯងស្អប់គ្នា។ សង្រ្គាមត្រជាក់បានអូសបន្លាយអស់រយៈពេល៥០ឆ្នាំ។ ឥឡូវនេះ គ្មាននរណាម្នាក់រំពឹងទុកថា ពិភពលោកគេចផុតពីការគំរាមគំហែងនៃសង្គ្រាមលោកលើកទី៣ដែលកំពុងកើតមានបច្ចុប្បន្នដោយរបៀបម៉េចនៅឡើយទេ។

ដោយសារការប្រើប្រាស់សាសនាឥស្លាមជាឧបករណ៍ក្នុងការតស៊ូ ជម្លោះរវាងសាសនាឥស្លាមនិងសាសនាគ្រឹស្ដ ហាក់កំពុងតែមានការកើនឡើង។ ក្នុងប្រទេសភូមា គេបានគិតខុសដែលថា លោកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពនឹងនាំសន្តិភាពឲ្យប្រទេសភូមា។ ផ្ទុយទៅវិញ ដូចដែលយើងឃើញសព្វថ្ងៃ គឺពុទ្ធសាសនិកនៅភូមា កំពុងប្រព្រឹត្តអំពើសាហាវយង់ឃ្នង ឬអំពើប្រល័យពូជសាសន៍យ៉ាងខ្លាំងក្លាព្រៃផ្សៃប្រឆាំងនឹងប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ានៅភូមា។

ពិភពលោកនិយាយថា អំពើប្រល័យពូជសាសន៍ពុំគួរកើតមានសារជាថ្មីទេ បន្ទាប់ពីអ្វីដែលបានកើតឡើងក្នុងតំបន់បាល់កង់ និងប្រទេសរ្វ៉ាន់ដា នាដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយមានករណីជាច្រើនទៀតដែលបានកើតឡើងនៅជុំវិញពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ អំពើប្រល័យពូជសាសន៍នៅជុំវិញពិភពលោក និងនៅកម្ពុជាយើងកាលពីជិត៤០ឆ្នាំមុន គួរតែជាមេរៀនដ៏ចម្បងមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ មេរៀននេះមិនត្រូវបានរៀនសូត្រដោយ ប្រទេសភូមាឥឡូវនេះទេ។

តើមាននរណាម្នាក់បានរំពឹងថា នយោបាយនៅក្នុងប្រទេសថៃ ធ្វើឲ្យមានការបែកបាក់ប្រទេសដ៏ធ្ងន់ធ្ងរ តាមរយៈការផ្លាស់ប្ដូររដ្ឋាភិបាល និងការធ្វើរដ្ឋប្រហារជាច្រើនលើកច្រើនសារក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ? នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ មិនត្រឹមតែជាជម្លោះផ្ទៃក្នុងរបស់ប្រទេសថៃប៉ុណ្ណោះទេ គឺថែមទាំងបានរាលដាលប៉ះពាល់ដល់ប្រទេសកម្ពុជា ក្នុងលក្ខណៈមួយដែលនឹកស្មានមិនដល់!។

តើនរណាម្នាក់រំពឹងថា ប្រទេសថៃ ប៉ុនប៉ងទាមទារយកប្រាសាទព្រះវិហារពីប្រទេសកម្ពុជាដោយកម្លាំងបាយ និងដោយបង្ខំក្នុងឆ្នាំ២០០៨? មានមនុស្សតិចណាស់ដែលរំពឹងទុកបែបនេះ ជាពិសេសក្រោយពេលដែលប្រាសាទព្រះវិហារត្រូវបាន តុលាការអន្តរជាតិ ICJ កាត់ក្ដីសម្រេចប្រគល់ឲ្យកម្ពុជាក្នុងឆ្នាំ១៩៦២។

កាលពីពេលថ្មីៗ ប្រទេសឡាវបានបង្កើនសកម្មភាពបញ្ចេញសាច់ដុំរបស់ខ្លូន។ គេកម្រឮថាប្រទេសឡាវប្រកាន់គោលជំហរយោធានិយមណាស់។ ប្រទេសកម្ពុជា គឺតែងតែទទួលឥទ្ធិពលពីតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ី និង តំបន់អឺរ៉ាស៊ី។ អ្វីដែលកើតឡើងក្នុងតំបន់ទាំងនេះអាចប៉ះពាល់ដល់ប្រទេសយើង តួយ៉ាងដូចជាសង្គ្រាមវៀតណាមជាដើម។

សង្រ្គាម គឺស្ថិតនៅជុំវិញខ្លួនយើង ក្នុងសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ កោះមិនដាណាវ ឧបទ្វីបកូរ៉េ ប្រទេសថៃភាគខាងត្បូង បញ្ហានៃភេរវកម្ម និងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាជាដើម។ ទាំងអស់នេះ ដែលថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជាផងដែរ ត្រូវតែប្រុងប្រយ័ត្នជាប្រចាំ។
បើក្រឡេកមើលទៅលើប្រវត្តិសាស្ដ្រពិភពលោក ខ្ញុំពុំអាចរកឃើញប្រទេសណាមួយដែលមាន សន្ដិភាពដែលមានរយៈពេលយូរអង្វែងនោះទេ។ អ្នកពុំចាំបាច់សួរថា សង្គ្រាមអាចកើតឡើយដោយរបៀបណានោះទេ គឺសង្គ្រាមនឹងកើតឡើងក្នុងពេលណាមួយមិនខានបើយើងមិនប្រុងប្រយ័ត្ន។ សង្គ្រាមអាចកើតឡើងក្នុងហេតុផលដ៏សាមញ្ញបំផុតដូចជា ការដណ្តើមស្ដ្រីរវាងស្ដេច និងមូលហេតុធំៗដូចជា៖ ទំនាស់មនោគមន៍វិជ្ជា សាសនា នយោបាយ សេដ្ឋកិច្ច ជនជាតិ ពូជសាសន៍ និងទឹកដី។

បើយោងតាមប្រវត្តិសាស្រ្ត ប្រទេសមួយឬនគរមួយមានសុខសាន្តត្រាណស្ថិតស្ថេរយូរអង្វែងបាននៅក្រោយពេលជម្លោះរ៉ាំរ៉ៃយូរឆ្នាំត្រូវបានបញ្ចប់ គឺនៅពេលដែល នគរនោះ ប្រទេសនោះ ស្ថិតនៅក្រោមការដឹកនាំរបស់មេដឹកនាំមួយរូបដ៏អង់អាច ខ្លាំងក្លា ឈ្លៀសវៃ មានគុណធម៌ និងមានសមត្ថភាព។ ស្រឡាញ់សន្តិភាព គឺមិនត្រូវធ្វេសប្រហែស មិនត្រូវយកសុខតែឯងបានទេ តែយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសន្តិភាព៕

ដោយ ៖ បណ្ឌិត អេង កុកថាយ
ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍

photo_2017-04-24_14-25-27 photo_2017-04-27_20-38-13

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង